វិស័យឯកជនរួមគ្នាជាមួយក្រសួងពាក់ព័ន្ឋ ដើម្បីទាក់ទាញដៃគូវិនិយោគពីប្រទេសអូស្រ្តាលី

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ វិស័យឯកជនកម្ពុជា នឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញ ទៅកាន់ប្រទេសអូស្ត្រាលី នូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃ។

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានចូលរួមជាអធិបតី ក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលសហការរៀបចំឡើង ដោយសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈកន្លងមកនេះ។

កម្មវិធីនេះបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ធាតុចូល និងអនុសាសន៍ពាក់ព័ន្ធ នឹងដំណើរបេសកកម្មខាងលើ ជូនគណៈប្រតិភូដែលគ្រោងនឹងអញ្ជើញចូលរួម លើទឹកដីនៃទីក្រុង Melbourne ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលស​មាគម IDI, ធុរជន, និងវិនិយោគិនក្នុងស្រុកទាំងអស់ ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំបេសកកម្មធុរកិច្ចខាងលើ ស្របពេលជាមួយការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី។

លោកបានបង្ហាញនូវក្តីជឿជាក់ថា គណៈប្រតិភូដែលចូលរួមក្នុងបេសកកម្មនេះ នឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយម របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីសំដៅទាក់ទាញដៃគូវិនិយោគិន ពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជា ជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី នូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសលើវិស័យកសិ-ចំណីអាហារ។

កម្មវិធីតម្រង់ទិសកាលពីព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម សមាគម IDI, និងវិស័យឯកជនសរុបប្រមាណ៣០រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here