ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តឲ្យក្រុមហ៊ុនធំមួយបោះទុនវិនិយោគ៥៧៤លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងរមនីយដ្ឋានប្រណីតមួយនៅខេត្តព្រះសីហនុ។
ការអនុម័តគំរោងនេះ ត្រូវបានធ្វើឡើងអង្គប្រជុំដែលមានការចូលរួមជាអធិបតីពីលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភកិវឌ្ឍន៍កម្ពុជា លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋកាលពីថ្ងៃទី២៨ កុម្ភៈកន្លងមកនេះ។
ការសម្រេចអនុម័តជាគោលការណ៍វិនិយោគនេះ មានពីរក្រុមហ៊ុន ទី១.ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ574,000,000 ដុល្លារអាមេរិក។ វិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD ដែលគ្រោងបោះទុនវិនិយោគ12,350,190 ដុល្លារអាមេរិក។ ក្រុមហ៊ុននេះ គ្រោងវិនិយោគសាងសង់រោងចក្រ កែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
កិច្ចប្រជុំដដែលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព របស់គម្រោងវិនិយោគ ដែលបានដាក់ស្នើមក ក.អ.ក ដើម្បីសុំការអនុម័តផ្តល់គោលការណ៍វិនិយោគ និងបន្តជំរុញការអភិវឌ្ឍ។
អង្គប្រជុំបានពិភាក្សាលើការវិភាគ សេដ្ឋកិច្ច សង្គម ព្រមទាំងបានកំណត់វិធីសាស្ត្រគ្រប់គ្រង ឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល ធ្វើយ៉ាងណាទាញប្រយោជន៍ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។
គម្រោងវិនិយោគទាំង២ខាងលើនេះ ទទួលបានការសាទរ និងការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជា និយាយជារួម និងដោយឡែក៕