ការសិក្សាថ្មី: ក្រុមអ្នកមាននៅទូទាំងពិភពលោកគ្រោងសម្រុកទិញលំនៅដ្ឋានច្រើននៅឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ក្រុមមហាសេដ្ឋីនៅទូទាំងពិភពលោក កំពុងស្វែងរករបៀបរស់នៅដ៏ប្រណី​ត និងល្អប្រសើរជាងមុន និងការវិនិយោគ នៅពេលនិយាយអំពីការទិញផ្ទះថ្មីរបស់ពួកគេ។

យោងតាមក្រុមហ៊ុនអចលនទ្រព្យអាមេរិក ​​Douglas Elliman និងរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យKnight Frank បានបង្ហាញថា “ចំនួនមួយភាគបួននៃបុគ្គល ដែលមានទ្រព្យសម្បត្តិខ្ពស់បំផុតរបស់អាមេរិក ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារឡើងទៅ គ្រោងនឹងទិញអចលនទ្រព្យ លំនៅដ្ឋាននៅឆ្នាំ២០២៤នេះ”។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា បុគ្គលដែលមានតម្លៃទ្រព្យសម្បត្តិខ្ពស់បំផុត ជាមធ្យមមានផ្ទះចំនួន៤ រួចមកហើយ ខណៈចំនួនមួយភាគបួន នៃផលប័ត្រលំនៅដ្ឋានរបស់ពួកគេ គឺស្ថិតនៅក្រៅប្រទេសកំណើត។

របាយការណ៍ខាងលើបន្តថា នៅពេលនិយាយដល់ការទិញអចលនទ្រព្យ ដែលមានតម្លៃថ្លៃៗកប់ពពក ក្រុមមហាសេដ្ឋីទាំងនោះបានគិតគូរខ្លាំងជាងគេ ទៅលើរបៀបរស់នៅ និងការវិនិយោគ បន្ទាប់មកគឺពន្ធ និងសុវត្ថិភាព។

ស្របពេលដែលអត្រាការប្រាក់មានស្ថេរភាព និងអាចធ្លាក់ចុះនៅឆ្នាំនេះ ក្រុមអ្នកជំនាញអចលនទ្រព្យលើកឡើងថា “យើងសង្កេតឃើញមានសញ្ញាដំបូងដែលបង្ហាញថា ការផ្គត់ផ្គង់អចលនទ្រព្យប្រ​ណី​តអាចនឹងកើនឡើង ដែលអាចនាំឱ្យមានការលក់កាន់តែច្រើន”។លោក Liam Bailey ដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវសកលនៅក្រុមហ៊ុន Knight Frank បានអះអាងថា “ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ ឬយ៉ាងហោចណាស់ យើងមានទំនុកចិត្តបន្ថែមថា អតិផរណាកំពុងដំណើរការ ក្នុងទិសដៅត្រឹមត្រូវ នោះខ្ញុំគិតថា ស្តុកអចលនទ្រព្យ(Inventory)នឹងកើនឡើងជាថ្មីម្តងទៀត”។

របាយការណ៍ដដែលបានព្យាករថា ទីក្រុងម៉ៃអាមី នឹងក្លាយជាទីផ្សារដែលដំណើរការល្អបំផុត របស់អាមេរិកនៅឆ្នាំនេះ ដោយតម្លៃអចលនទ្រព្យប្រណីត នៅទីក្រុងនេះនឹងកើនឡើង៤% បន្ទាប់មកគឺទីក្រុងញូវយ៉ក ដែលតម្លៃអចលនទ្រព្យប្រណីតនឹងកើនឡើង២% តាមពីក្រោយដោយទីក្រុង Los Angeles ជាមួយនឹងការរំពឹងទុកកំណើនតម្លៃអចលនទ្រព្យប្រណីតចំនួន១% ។

នៅទូទាំងពិភពលោក ទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ ត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារអចលនទ្រព្យប្រណីតលំដាប់កំពូលទី១ ជាមួយនឹងការរំពឹងទុកកំណើនតម្លៃ១០% នៅឆ្នាំនេះ បន្ទាប់មកគឺទីក្រុងបុមបៃ ជាមួយនឹងការរំពឹងទុកកំណើនតម្លៃ៥,៥% តាមពីក្រោយដោយទីក្រុងឌូបៃ ទីក្រុងMadrid ទីក្រុងស៊ីដនី  និងទីក្រុងStockholm ៕

LEAVE A REPLY

Please enter your comment!
Please enter your name here