ដោយ វុត្ថា
សៀមរាប៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៩ នេះ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប ។
ច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចរចាកិច្ចព្រមព្រៀង RCEP ទាំង១៦ និងលេខាធិការដ្ឋានអាស៊ានផងដែរ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ បន្តចរចា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
-->
កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីផែនការចរចា RCEP ឆ្នាំ២០១៩, ផ្តល់ការណែនាំលើការចរចាបើកច្រកទីផ្សារ (ពាណិជ្ជកម្មទំនិញ, ពាណិជ្ជកម្មសេវា, ការវិនិយោគ) និងជំរុញបន្ថែមឱ្យអ្នកចរចាទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់ការចរចាលើជំពូកដែលនៅសេសសល់ សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រៀមព្រៀង RCEP ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ តាមអាណត្តិដែលផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ នៅកំលុងកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។

RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភពលោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១,៦% នៃផលិតកម្មពិភពលោក, ២៨,៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)៕