រដ្ឋាភិបាលសិង្ហបុរីគ្រោងបោះទុនវិនិយោគ៣០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសសិង្ហបុរីនឹងទទួលបានកញ្ចប់ថវិកា ជំរុញចំនួន៣០០លានដុល្លារ ដែលជាផ្នែកមួយនៃផែនការ ដើម្បីពង្រីកសេដ្ឋកិច្ចក្នុងស្រុក និងពង្រឹងឋានៈរបស់សិង្ហបុរី ជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។

ការចាក់បញ្ចូលថវិកា៣០០លានដុល្លារ ទៅក្នុងមូលនិធិអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសសិង្ហបុរី ត្រូវបានប្រកាសដោយលោក Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងសភាកាលពីថ្ងៃទី១ ខែមីនា។

លោក Alvin Tan បានថ្លែងថា “ការបង្កើនមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ នឹងជួយដល់ការអភិវឌ្ឍន៍ និងការធ្វើទីផ្សារផលិតផល និងបង្កើតបទពិសោធន៍ថ្មីៗ ព្រមទាំងគាំទ្រដល់អាជីវកម្មក្នុងស្រុកក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញាថ្មី”។លោកបានបន្ថែមថា “ការផ្តល់មូលនិធិននេះ នឹងឆ្ពោះទៅរកការកែលម្អការផ្តល់សេវាទេសចរណ៍ ដែលមានស្រាប់ ការបង្កើនជំនាញដល់បុគ្គលិកទេសចរណ៍ និងជួយក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកឱ្យកាន់តែមានផលិតភាព និងមានភាពច្នៃប្រឌិត”។

លោក Tan បានថ្លែង ក្នុងអំឡុងពេលជជែកពិភាក្សា អំពីថវិការបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ដោយលើកឡើងថា“ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មូលនិធិខាងលើក៏បានជួយអាជីវកម្មទេសចរណ៍ ក្នុងស្រុកជាង១០០ទីតាំង ឱ្យកាន់តែមានផលិតភាព និងមាននិរន្តរភាពផងដែរ”។

វិធានការជំរុញ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ ត្រូវបានដាក់ចេញ ខណៈ​ការ​មក​ដល់​ របស់​ភ្ញៀវ​ទេសចរអន្តរជាតិ​កំពុងបន្ត​កើនឡើង​។ តួយ៉ាង សិង្ហបុរីបានស្វាគមន៍ ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបចំនួន១៣,៦លាននាក់ ក្នុងឆ្នាំ២០២៣ កើនឡើងដល់៧១% នៃកម្រិតឆ្នាំ២០១៩ ខណៈដែលចំណូលពីវិស័យទេសចរណ៍ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ បានឈានដល់៩៨% នៃកម្រិតក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោក Tan បានបញ្ជាក់បន្ថែមថា “ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានចន្លោះពី១៥ លានទៅ១៦លាននាក់ ក្នុងឆ្នាំ២០២៤នេះ និងបង្កើតចំណូលប្រហែល២៦ពាន់លានដុល្លារទៅ២៧,៥ពាន់លានដុល្លារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here