ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ថាបនាសាងសង់ គម្រោងទីក្រុងខ្នាតយក្ស The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងកំពុងដំណើរការទៅមុខយ៉ាងរលូនល្អប្រសើរ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន SupercarBlondie។
គម្រោងនេះ ត្រូវបានប្រសិទ្ធិនាមឈ្មោះថា “The Line” ពីព្រោះវាមានរូបរាងដូចជា “បន្ទាត់ផ្ដេក” ដែលលាតសន្ធឹងចម្ងាយជាច្រើនគីឡូម៉ែត ឆ្លងកាត់តំបន់វាលខ្សាច់នៃប្រទេស។
ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងបញ្ចប់ការសាងសង់គម្រោង The Line ឱ្យបានរួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈដែលការសាងសង់បច្ចុប្បន្ន កំពុងដំណើរការទៅមុខយ៉ាងរលូនល្អ។គម្រោង The Line ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Morphosis Architects ដែលមានមូលដ្ឋាននៅ Santa Monica រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ គម្រោងនេះមានប្រវែង១០៥ម៉ាយ (១៧០គីឡូម៉ែត្រ) កម្ពស់៥០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ។
គម្រោង The Line មើលទៅដូចជាអគារខ្ពស់ៗកប់ពពក ដែលត្រូវបានដាក់ផ្តេកតាមវិធីមួយ ប៉ុន្តែការស្ថាបនាគម្រោងនេះត្រូវចំណាយទុនច្រើនជាងអគារកប់ពពកមួយទៅទៀត។
គោលដៅនៃការសាងសង់គម្រោង The Line នេះគឺដើម្បីកសាងទីក្រុងមួយ ដែលអាចទ្រទ្រង់ខ្លួនឯងបានពេញលេញ និងអាចផ្ទុកប្រជាជនរស់នៅបានចំនួន៩លាននាក់។គម្រោង The Line មានទំហំ៣៤៩៦,៥ហិកតា ដែលធ្វើឱ្យគម្រោងនេះ មានទំហំធំជាងផ្ទៃក្រឡារបស់ទីក្រុង Principality of Monaco និងទីក្រុង Gibraltar បូករួមបញ្ចូលគ្នាទៅទៀត។
ទីក្រុង The Line នេះនឹងរួមបញ្ចូលតំបន់លំនៅដ្ឋាន ក៏ដូចជាតំបន់ពាណិជ្ជកម្ម រួមជាមួយនឹងកីឡដ្ឋានផ្ទាល់ខ្លួន កន្លែងជិះទូកកម្សាន្ត និងកន្លែងផ្សេងទៀតដូចជាផ្សារទំនើប និងអគារការិយាល័យជាដើម។
ទីក្រុង The Line ក៏នឹងមានប្រព័ន្ធដឹកជញ្ជូនសាធារណៈផ្ទាល់ខ្លួនផងដែរ ដែលធ្វើឱ្យពលរដ្ឋអាចធ្វើដំណើរ ពីជាយម្ខាងនៃទីក្រុងទៅកាន់ជាយម្ខាងទៀត ក្នុងរយៈពេលត្រឹមតែ២០នាទីប៉ុណ្ណោះ។
ការសាងសង់ទីក្រុង The Line គឺជាផ្នែកមួយនៃគម្រោងខ្នាតយក្ស NEOM ដែលរួមបញ្ចូលផងដែរនូវទីក្រុងឆ្លាតវៃ រមណីយដ្ឋានភ្នំ ព្រមទាំងក្រុមហ៊ុនទឹក និងអ៊ីដ្រូសែន។
គម្រោងខ្នាតយក្ស NEOM គឺជាផែនការប្រកបដោយមហិច្ឆតា និងជាគម្រោងដ៏ថ្លៃបំផុតមួយ ព្រោះគម្រោង NEOM ទាំងមូល ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ១ទ្រីលានដុល្លារអាមេរិក ខណៈគ្រាន់តែគម្រោង The Line មួយនឹងត្រូវចំណាយថវិកាអស់៥០០ពាន់លានដុល្លារ៕