អារ៉ាប់រួមគ្រោងពង្រីកអាកាសយានដ្ឋាន Dubai World Central ទៅជាអាកាសយានដ្ឋានធំជាងគេបំផុតរបស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប់រួម(UAE) បានប្រកាសផែនការពង្រីកអាកាសយានដ្ឋានរបស់ខ្លួនដែលមានស្រាប់ ទៅជាអាកាសយានដ្ឋានធំជាងគេបំផុតរបស់ពិភពលោក នាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។

អាកាសយានដ្ឋាននោះមានឈ្មោះថា Dubai World Central ដែលមានចម្ងាយ៣៧គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុងឌូបៃ  និងបានបើកដំណើរការកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១០កន្លងទៅ។

ផែនការពង្រីកអាកាសយានដ្ឋាន Dubai World Central នេះគ្រោងនឹងរៀបចំធ្វើឡើង ដោយចែកចេញទៅជាពីរដំណាក់កាល ក្នុងរយៈពេលចាប់ពី៦ឆ្នាំទៅ៨ឆ្នាំខាងមុខ។\ដំណាក់កាលទី១ រួមមាន ការសាងសង់អគារផ្កាយរណបចំនួន២ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ១២០លាននាក់ ក្នុងមួយឆ្នាំ និងមានសមត្ថភាព ទទួលយន្តហោះប្រភេទA380 ចំនួន១០០គ្រឿង។  ការអភិវឌ្ឍន៍នេះនឹងគ្របដណ្តប់ លើផ្ទៃដីទំហំ៥៦គីឡូម៉ែត្រការ៉េ។

ចំណែកឯ ដំណាក់កាលទីពីរ គឺផ្តោតលើការរចនាឌីហ្សាញ និងការសាងសង់ ដើម្បីដោះស្រាយតម្រូវការសមត្ថភាព ផ្ទុកអ្នកដំណើរក្នុងរយៈពេលមធ្យម និងបន្តទៅកាន់រយៈពេលវែង។នៅពេលដែលគម្រោងនេះ បញ្ចប់ការសាងសង់រួចរាល់ គេរំពឹងថា អាកាសយានដ្ឋាន Dubai World Central (DWC) នឹងអាចផ្ទុកអ្នកដំណើរលើសពី២២០លាននាក់ និងទំនិញប្រហែល១៦លានតោនក្នុងមួយឆ្នាំៗ។

លើសពីនេះ អាកាសយានដ្ឋានDubai World Central នឹងមានផ្លូវរត់ស្របគ្នាចំនួន៥ ដែលនឹងអនុញ្ញាតឱ្យយន្តហោះចំនួន៤គ្រឿងអាចចុះចតក្នុងពេលដំណាលគ្នា  និងបំពាក់ប្រព័ន្ធភស្តុភារសកលដោយស្វ័យប្រវត្តិកម្រិតខ្ពស់ ដូចជាប្រព័ន្ធ Biometrics & Smart Passenger Tracking ដើម្បីជួយសម្រួលដល់លំហូរអ្នកដំណើរ។

បើក្រឡេកមកមើលប្រភពថវិកាវិញ រដ្ឋាភិបាលអារ៉ាប់រួម  បានជ្រើសរើសធនាគារ HSBC ឱ្យរៀបចំការផ្តល់មូលនិធិចំនួន៣ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ រីឯបណ្តាអង្គភាពរដ្ឋរបស់ទីក្រុងឌូបៃ រួមមាននាយកដ្ឋានហិរញ្ញវត្ថុ មូលនិធិវិនិយោគសាជីវកម្មឌូបៃ និងសាជីវកម្មទីក្រុងអាកាសចរណ៍ឌូបៃ នឹងសហការគ្នាដើម្បីផ្តល់ហិរញ្ញប្បទានបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here