មន្រ្តីជាន់ខ្ពស់លើកឡើងពីគុណសម្បត្តិអ្វីខ្លះទាក់ទងនឹងច្បាប់វិនិយោគថ្មីដែលមិនទាន់បានផ្សព្វផ្សាយទូលំទូលាយ?

ចែករំលែក

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ

  កិច្ចសម្រួលវិនិយោគប្រកបដោយភាពកក់ក្តៅ កញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះ និងសេវាថែទាំវិនិយោគ ដែលគួរជាទីទុកចិត្ត គឺជាអភិក្រមគន្លឹះនៃច្បាប់ស្តីពី វិនិយោគនៅកម្ពុជា។នេះបើតាមការបញ្ជាក់ពីលោកសួន សុផលអគ្គលេខាធិការរងគណកម្មការវិនិយោគកម្ពុជា។

លោកសួន សុផលបានលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលលោកអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីផ្គូផ្គងធុរកិច្ច ដែលសហការរៀបចំឡើង ដោយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃរដ្ឋវិចតូរៀ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើសន្ធានកម្មរវាងធុរជន និងវិនិយោគិនក្នុងស្រុកជាមួយដៃគូបរទេស ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សំដៅពង្រឹង និងពង្រីកការផ្សារភ្ជាប់បណ្តាញលើប្រតិបត្តិការធុរកិច្ច។

លោកសួន សុផលបានថ្លែងអំណរគុណជូនចំពោះភាគីពាក់ព័ន្ធដែលបានខិតខំរៀបចំកម្មវិធី ដ៏មានសារៈសំខាន់នាឱកាសនេះ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានបរិយាយអំពីភាពទាក់ទាញនៃបរិយាកាសវិនិយោគកម្ពុជា ដែលមានភាពបើកចំហ និងមានលក្ខណៈអំណោយផល សម្រាប់ការរីកលូតលាស់នៃវិស័យឯកជន។

បន្ថែមពីនេះ លោកសួន សុផលក៏បានពិពណ៌នាអំពីបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគក្នុងស្រុក ដែលមានសង្គតិភាពជាមួយនឹងឧត្តមានុវត្តន៍អន្តរជាតិ សំដៅផ្តល់នូវកិច្ចសម្រួលវិនិយោគ ប្រកបដោយភាពកក់ក្តៅ កញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះ និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្ត។

ភាពជាដៃគូជាមួយសហគមន៍ធុរកិច្ច និងវិស័យឯកជនត្រូវបានប្រតិបត្តិជាប្រចាំ ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅធានាបានថាវិនិយោគិន និងធុរជនត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕


ចែករំលែក