ដំណឹងល្អៈគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ គ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខ ការស្តារនិងលើកកំពស់គុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទ​កភាព។

ដំណើរចុះពិនិត្យនេះ អមដំណើរដោយអនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងមានការចូលរួមពីភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្វាងចូវវ៉ានអាន ដោយបានពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១( 439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ACទី១(លទ្ធផល4,2cm-5cm) ដើម្បីអនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។

ក្រោយពីបានចុះពិនិត្យផ្ទាល់ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ លទ្ធផលការងារជារួម នៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ។ នៅដំណាច់ខែ មិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ដែល អាចឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានទៅមកដោយរលូន។

ចំណែកការងារផ្សេងៗទៀតដូចជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ ២០២៤នេះ ដោយ បញ្ចប់មុនកិច្ចសន្យា១ឆ្នាំ។

ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here