តើប្រទេសចិនដាក់ចេញទិសដៅអ្វីខ្លះក្នុងកិច្ចប្រជុំសភាប្រជាជនប្រចាំឆ្នាំ២០២៤នេះ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: នាយករដ្ឋមន្ត្រីចិន លោកLi Qiang បានមានប្រសាស ន៍ឱ្យដឹង កាលពីថ្ងៃអង្គារ ថា ប្រទេសចិនគ្រោងនឹងកំណត់គោលដៅកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ប្រហែល៥ភគរយនៅឆ្នាំ២០២៤នេះ។

លោក Li អះអាងថា ប្រទេសចិនកំពុងធ្វើការផ្លាស់ប្តូរ គំរូនៃការអភិវឌ្ឍន៍របស់ខ្លួន ទប់ស្កាត់ការលើសចំណុះផ្នែកឧស្សាហកម្ម កាត់បន្ថយហានិភ័យនៃវិស័យអចលនទ្រព្យ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់រដ្ឋបាលក្នុងតំបន់។

លោក Li បានថ្លែងសុន្ទរកថាបែបនេះ នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនប្រចាំឆ្នាំ (NPC) ដែលរៀបចំឡើងនៅសាលធំប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា។

លោក Li បានបន្តថា “យើងមិនគួរមើលរំលង ឬបំភ្លេចចោលករណីសេណារីយ៉ូដ៏អាក្រក់បំផុតនោះទេ ហើយយើងគួរតែត្រៀមរៀបចំខ្លួនឱ្យបានល្អសម្រាប់ហានិភ័យ និងបញ្ហាប្រឈមទាំងអស់”

លោកបន្ថែមថា “ជាពិសេស យើងត្រូវតែជំរុញទៅមុខ ជាមួយនឹងការផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ច ព្រមទាំងធ្វើឱ្យមានការកែសម្រួលរចនាសម្ព័ន្ធ ការកែលម្អគុណភាព និងការលើកកម្ពស់ការអនុវត្ត”។

ជាមួយគ្នានេះ លោក Ben Bennett អ្នកយុទ្ធសាស្រ្តផ្នែកវិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Legal And General Investment Management បានមានប្រសាសន៍ឱ្យដឹងថា អ្នកបង្កើតគោលនយោបាយ ហាក់ដូចជាសប្បាយចិត្ត ជាមួយនឹងគន្លងបច្ចុប្បន្ន ដោយលោកបន្ថែមថា គោលដៅសេដ្ឋកិច្ចដែលចិនបានកំណត់នៅឆ្នាំនេះ គឺស្របតាមការរំពឹងទុក។

លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានអះអាងទៀតថា “ក្នុងការកំណត់គោលដៅកំណើនសេដ្ឋកិច្ច អ្នកបង្កើតគោលនយោបាយបានគិតគូរពីតម្រូវការក្នុងការជំរុញការងារ និងប្រាក់ចំណូល ព្រមទាំងការពារ និងកាត់បន្ថយហានិភ័យ ដោយបន្ថែមថា ប្រទេសចិនមានបំណងប្រកាន់ជំហរសារពើពន្ធសកម្ម និងគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន”។

បើក្រឡេកមកមើលពីបញ្ហាកោះតៃវ៉ាន់វិញ ទីក្រុងប៉េកាំងអះអា​ងថា ខ្លួននឹងប្រកាន់ជំហររឹងមាំ ក្នុងការជំរុញបុព្វហេតុនៃការបង្រួបបង្រួមប្រទេសចិនឡើងវិញ ដោយទម្លាក់ចោលការលើកឡើងអំពីការបង្រួបបង្រួមដោយសន្តិភាព។

ក្រុមមន្ត្រី​ចិនបាន​ប្តេជ្ញា​ថា​ នឹង​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​សកម្មភាព​បំបែក​ខ្លួន​ ដែល​មាន​គោល​បំណង ​ដើម្បីប្រកាសឯករាជ្យ​ភាព​របស់តៃវ៉ាន់ និង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ។ ជាមួយគ្នានេះ ប្រទេសចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ចំនួន៧,២ភាគរយនៅឆ្នាំនេះ ដែលជាអត្រាដូចគ្នាកាលពីឆ្នាំមុន។

លោក Li បានឱ្យដឹងទៀតថា “ប្រទេសចិននឹងបន្តចាក់ធនធានចូលទៅក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា និងការផលិតកម្រិតខ្ពស់ ស្របតាមផែនការរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីជំរុញឱ្យមានកម្លាំងផលិតភាពថ្មី”។

ប្រទេសចិនគ្រោងនឹងលុបចោល ការរឹតបន្តឹងលើការវិនិយោគបរទេសទាំងអស់នៅក្នុងវិស័យផលិតកម្ម និងបន្ធូរបន្ថយការរឹតបន្តឹងការចូលទៅកាន់ទីផ្សារ នៅក្នុងឧស្សាហកម្មសេវាកម្ម ដូចជាទូរគម​នាគមន៍ និងសេវាវេជ្ជសាស្រ្ត។

លើសពីនេះទីក្រុងប៉េកាំង ក៏នឹងបង្កើតផែនការអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មដែលកំពុងរីកចម្រើន រួមមាន វិទ្យាសាស្រ្តកំព្យូរទ័រ ទិន្ន​ន័យធំ និងបញ្ញាសិប្បនិម្មិត ហើយប្រទេសចិននឹងបន្តខិតខំឆ្ពោះទៅរកការសម្រេចបាន នូវការពឹងផ្អែកលើខ្លួនឯងគ្រប់គ្រាន់ នៅក្នុងវិស័យបច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here