ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ពានដ៏វែងបំផុតរបស់ប្រទេសហ្វីលីពីន ដែលមានឈ្មោះថា Panguil Bay សម្រេចបានការសាងសង់ប្រមាណ៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់រួចរាល់ត្រឹមឆ្នាំ២០២៤នេះ។
ស្របពេលដែលការសាងសង់ជិតបញ្ចប់ អ្នកស្រុក និងភ្ញៀវទេសចរកំពុងរង់ចាំដោយអន្ទះសារ នូវការបើកសម្ពោធស្ពាននេះ ដែលនឹងតភ្ជាប់ខេត្ត Lanao Del Norte និងខេត្ត Misamis Occidental យ៉ាងរលូន ដែលនឹងជួយបង្កើនចរាចរណ៍ធ្វើដំណើរឆ្លងកាត់កោះ Mindanao ។
ស្ពានដ៏វែងអន្លាយមួយនេះ មានប្រវែង៣,៧៧គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ ចំនួន១១៤លានដុល្លារអាមេរិក ដោយមានទីតាំងលើកោះMindanao ដែលសម្បូរទៅដោយធនធាន ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ស្ពាននេះត្រូវបានចាប់ផ្តើមសាងសង់ជាផ្លូវការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីគម្រោងត្រូវបានពន្យារពេលអស់មួយរយៈ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាអាកាសធាតុ រួមជាមួយនឹងបញ្ហាថវិកា។
ប៉ុន្តែនៅពេលនេះ ដោយសារតែការសាងសង់ កំពុងបោះជំហានទៅមុខក្នុងល្បឿនដ៏លឿន។ ដូច្នេះស្ពាន Panguil Bay នេះអាចត្រូវបានសាងសង់បញ្ចប់ និងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នៅដំណាច់ឆ្នាំ២០២៤នេះ។
នៅពេលបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ស្ពានPanguil Bay នឹងវ៉ាដាច់ស្ពានស្ពាន San Juanico ដែលជាស្ពានវែងបំផុតនៅក្នុងប្រទេសហ្វីលីពីន នាពេលបច្ចុប្បន្ន។
យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់នាយកដ្ឋានសាធារណការ និងផ្លូវហាយវេហ្វីលីពីន (DPWH) បង្ហាញថា ស្ពាននេះ នឹងជួយបង្កការធ្វើដំណើរកាន់តែរលូន និងការតភ្ជាប់កាន់តែលឿនរវាងខេត្តចំនួនពីរខាងលើ និងកោះ Mindanaoទាំងមូល។
ការបញ្ចប់គម្រោងសាងសង់ស្ពាន Panguil Bay នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កោះ Mindanao។
ភាពអស្ចារ្យផ្នែកវិស្វកម្មនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ទំនាក់ទំនងដឹកជញ្ជូនរវាងខេត្តភាគខាងជើង និងភាគកណ្តាលនៃកោះMindanao និងឧបទ្វីប Zamboanga៕