ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកឈៀង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្មក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាវឌ្ឍនភាពការងារសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយ មានអង្គភាពពាក់ព័ន្ធចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តព្រះសីហនុ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) (International Finance Corporation)។
គោលបំណងនៃកិច្ចប្រជុំធ្វើឡើង ដើម្បីត្រួតពិនិត្យ (១) លើលទ្ធផលបឋមនៃការជ្រើសរើសទីតាំងគម្រោង ដោយផ្អែកលើវិធីសាស្ត្រវិភាគមានលក្ខណៈវិនិច្ឆ័យចម្រុះ MCA (Multi-Criteria Analysis) ដែលបានបង្ហាញដោយក្រុមការងារ IFC និង (២) ពិភាក្សាប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមនូវកង្វះខ្វះខាត នៃការសិក្សា ធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់ត្រឹមត្រូវ និងសង្គតិភាព។
លោកឈៀង ពេជ្រអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្មក្រសួងសាធារណៈការ និងដឹកជញ្ជូនក៏បានស្នើឱ្យ IFC ជំរុញការរៀបចំសិក្សាករណីអាជីវកម្ម (Business Case Study) លើទីតាំងទាំងបីដែលត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងការជ្រើសរើសសម្រាប់ការសិក្សាបន្ត។
លោករំពឹងថា ការសិក្សា Business Case Study ទាំងបីទីតាំងអាចនឹងត្រូវបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីក្រសួងអាចបន្តនីតិវិធី សម្រាប់ការជ្រើសរើសទីតាំងសមសម្រប ដើម្បីធ្វើការអភិវឌ្ឍនាពេលខាងមុខ៕