សណ្ឋាគារ Courtyard by Marriott Phnom Penh តែងតាំងអ្នកជំនាញស្ត្រី៣រូបមកកាន់តំណែងសំខាន់ៗ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនសណ្ឋាគារ Courtyard by Marriott Phnom Penh បានប្រកាសតែងតាំងថ្នាក់ដឹកនាំស្ត្រី ដែលមានស្នាដៃខ្ពស់ចំនួន៣រូប ឱ្យមកកាន់មុខតំណែងសំខាន់ៗ នៅក្នុងសណ្ឋាគាររបស់ខ្លួន ដើម្បីអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី។

ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ ចំពោះឧត្តមភាពការច្នៃប្រឌិត និងការពេញចិត្តរបស់ភ្ញៀវ លោកស្រី Sarah Moya លោកស្រី Bia Sari និងលោកស្រី Lenen Mar Parras នឹងនាំមកនូវបទពិសោធន៍ និងជំនាញជាច្រើន ដោយកំណត់ស្តង់ដារថ្មី នៃភាពជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។

លោកស្រី Sarah Moya ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅ ដោយលោកស្រីមានបទពិសោធន៍ រយៈពេលជាង២៩ឆ្នាំ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។  ពេញមួយអាជីពដ៏ប៉ិនប្រសប់ លោកស្រីបានគ្រប់គ្រង ដោយជោគជ័យនូវសណ្ឋាគារល្បីៗ កន្លែងសម្រាកលំហែកាយដែលទទួលបានពានរង្វាន់ រមណីយដ្ឋានប្រណីត ទាំងនៅក្នុងប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ។

លោកស្រីមានជំនាញយ៉ាងច្បាស់លាស់ ក្នុងការធ្វើផែនការយុទ្ធសាស្រ្ត ការគ្រប់គ្រងចំណូល ការបម្រើសេវាកម្មភ្ញៀវ និងស្តង់ដារគុណភាព ដែលចំណុចទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់លោកស្រី ក្នុងការបង្កើតបទពិសោធន៍ ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ និងជំរុញវប្បធម៌នៃឧត្តមភាពនៅក្នុងក្រុមការងារ។

ចំណែក លោកស្រី Bia Sari បានឈានជើងចូលមុខតំណែងជាជំនួយការអ្នកគ្រប់គ្រងប្រតិបត្តិ។ លោកស្រីមានបទពិសោធន៍ចម្រុះ ដែលគ្របដណ្តប់ ទៅលើប្រតិបត្តិការបដិសណ្ឋារកិច្ច ក្នុងប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី គុយវ៉ែត កាតា និងប្រទេសកម្ពុជា។

លោកស្រី Ria ត្រូវបានគេទទួលស្គាល់ ចំពោះស្ទីលភាពជាអ្នកដឹកនាំដ៏មានមន្តស្នេហ៍ និងមានយុទ្ធសាស្ត្រស្ទាត់ជំនាញ។  វិធីសា ស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់លោកស្រី ចំពោះប្រតិបត្តិការ និងការពេញចិត្តរបស់ភ្ញៀវ នឹងលើកកំពស់ស្តង់ដារនៃសេវាកម្ម និងឧត្តមភាពនៅក្រុមហ៊ុន Courtyard by Marriott Phnom Penh។

រីឯ លោកស្រី Lenen Mar Parras ត្រូវបានតែងតាំងជាជំនួយការនាយកផ្នែកលក់ និងទីផ្សារ។ លោកស្រី នឹងនាំមកនូវជំនាញជាច្រើន ក្នុងនាមជាអ្នកយុទ្ធសាស្រ្តទីផ្សារ ដែលមានបទពិសោធន៍ខ្ពស់ នៅក្នុងផ្នែកបដិសណ្ឋារកិច្ច។

លោកស្រី Lenen មានជំនាញក្នុងផ្នែកលក់ ការទំនាក់ទំនង ទីផ្សារឌីជីថល ការគ្រប់គ្រងព្រឹត្តិការណ៍ ទំនាក់ទំនងសាធារណៈ និងការបណ្តុះបណ្តាល ដែលចំណុចទាំងនេះ មានសារៈសំខាន់ណាស់ ក្នុងការរៀបចំផែនការលក់ យុទ្ធសាស្រ្តទីផ្សារ និងបង្កើនកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់សណ្ឋាគារ៕

លោកស្រី Sarah Moya បានលើកឡើងថា“នៅពេលដែលខ្ញុំចាកចេញពីសកលវិទ្យាល័យ ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំ ជាអ្នកគ្រប់គ្រងសណ្ឋាគារនៅពាក់កណ្តាលទសវត្សរ៍ទី៩០ ខណៈនៅពេលនោះ អ្នកគ្រប់គ្រងទូទៅជាស្ត្រីមិនធ្លាប់ត្រូវបានគេឮ និងមិនសូវមានទេ”។

លោកស្រីបន្តថា “ខ្ញុំចាប់អារម្មណ៍នឹងកៅអីដ៏ធំមួយនោះនៅខាងក្នុងបន្ទប់ធំ ដែលមានតែមនុស្សកាន់តំណែងខ្ពស់ប៉ុណ្ណោះទើបអាចទៅអង្គុយបាន ហើយខ្ញុំចង់ក្លាយជាមនុស្ស ដែលមកអង្គុយនៅលើកៅអីនោះក្នុងការិយាល័យ។ ពេលនោះ ខ្ញុំនៅក្មេង ថែមទាំងប្រាប់ខ្លួនឯងថា ខ្ញុំនឹងសម្រេចគោលបំណងនេះឱ្យបានក្នុងរយៈពេល៣០ឆ្នាំ”។

លោកស្រីអះអាងថា បន្ទាប់មក ខ្ញុំបានសម្រេចចិត្តបើកសណ្ឋាគារដំបូងនៅឆ្នាំ២០០៥ ជាសណ្ឋាគារដែលមានការទទួលស្គាល់ និងទទួលបានជោគជ័យខ្ពស់នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។

លោកស្រីបាន​បន្ថែម​ថា “សព្វ​ថ្ងៃ​នេះ ​ចំនួន​ស្ត្រីកាន់តំណែងសំខាន់ៗពិត​ជាបាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ ក្រុមហ៊ុន Marriott intemational បានតែងតាំងស្ត្រី​ជា​ច្រើន​គួរ​ឱ្យ​កោត​សរសើរ​ក្នុង​ការ​គ្រប់​គ្រង​អចលន​ទ្រព្យសណ្ឋាគាររបស់ខ្លួន”។

ជាមួយគ្នានេះ ក្រុមហ៊ុន Courtyard by Marriott Phnom Penh បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ក្នុងការស្វាគមន៍ថ្នាក់ដឹកនាំស្ត្រីពិសេសទាំង៣រូបនេះមកកាន់ក្រុមការងាររបស់ខ្លួន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះភាពចម្រុះ ការផ្តល់សិទិ្ធអំណាចដល់ស្ត្រី និងឧត្តមភាពក្នុងការដឹកនាំ។

លើសពីនេះ ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា បទពិសោធន៍ ចំណង់ចំណូលចិត្ត និងការលះបង់របស់អ្នកជំនាញទាំង៣រូបខាងលើ នឹងជំរុញឱ្យសណ្ឋាគារសម្រេចបានភាពជោគជ័យថ្មីៗកាន់តែច្រើន និងភាពខុសគ្នានៅក្នុងទិដ្ឋភាពបដិសណ្ឋារកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here