អ្នកជំនាញបង្ហាញសញ្ញាវិជ្ជមានចំនួន៣សម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជាក្នុងដើមត្រីមាសទី១ឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិភាគ និងតាមដាននិន្នាការវិវត្តន៍ ក្នុងវិស័យអចលនទ្រព្យបាន និងកំពុងសង្កេតឃើញសញ្ញាវិជ្ជមានចំនួន៣ ដែលកំពុង  ផ្តល់ក្តីសង្ឃឹមដល់វិស័យនេះ។

       អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី១១ មិនាថា ក្នុងរយៈពេលជាង២ខែដើមឆ្នាំនេះ មានចំណុចវិជ្ជមាន​មួយចំនួន ដែលពាក់ព័ន្ឋនឹងវិស័យសេដ្ឋកិច្ច និយាយដោយឡែក និងនិយាយជារួមវិស័យអចលនទ្រព្យរបស់កម្ពុជា។

       លោកបន្តថា ដោយមានការជម្រុញ និងឆន្ទៈដ៏មុតស្រួចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត ដែលតែងតែចេញទៅជួបជាមួយថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចនានានៅបរទេស ជាលទ្ឋផលអ្វីៗ បានលេចចេញជាសញ្ញាវិជ្ជមានបណ្តើរៗហើយ។

ជាក់ស្តែងក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាទទួលបានលំហូរទុនវិ​និយោគ ពីបរទេសផ្ទាល់ក្នុងទំហំទឹក​ប្រាក់ជាង១៣០០លានដុល្លារ ដែលនេះជាចំណុចវិជ្ជមានទី១ ព្រោះវិស័យដីធ្លី ឬអចលនទ្រព្យជាកំលាំងចលករមួយ ក្នុងចំណោមកំលាំង​ចលករសំខាន់ៗជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

       ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសនានា ដូចជាប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាសមាជិកRCEPបាននិងកំពុងជួយជម្រុញទំហំពាណិជ្ជកម្មកម្ពុជាផងដែរ។លោកប៉ូ អ៊ាវគង់បានបន្តថា “នៅពេលសេដ្ឋកិច្ចយើងស្ទុះងើបឡើងវិញ វាជាសញ្ញាវិជ្ជមានមួយ ដែលផ្តល់នូវមូលដ្ឋានផលិតកម្ម និងបង្កើតការងារដល់ប្រជាពលរដ្ឋ”។ លោកបន្តថា “ចំណុចទី២ គឺអ្នកអភិវឌ្ឍន៍បុរី បាននិងកំពុងផ្លាស់ប្តូរតម្លៃផងដែរ ដែលពួកគេបានទទួ​លយកការពិតនៅក្នុងទីផ្សារ និងបានបញ្ចុះតម្លៃអចលនទ្រព្យរបស់ពួកគេក្នុងចន្លោះ៥ ទៅ១០ភាគរយ”។

 លោកបន្តថា ចំណុចវិជ្ជមានទី៣ គឺអ្នកមានប្រាក់សន្សំ ដែលមានរក្សាទុក បានចាប់ផ្តើមវិនិយោគលើការទិញដី និងអចលនទ្រព្យមួយចំនួននៅក្នុងទីផ្សារឡើងវិញបណ្តើរៗ ដែលអ្នកវិនិយោគខ្លះទិញ សម្រាប់ធ្វើអាជីវកម្ម និងទិញទុកលក់យកផលចំណេញផងដែរ។លោកបន្តថា “ពិតជាមានចលករទិញ លក់អចលនទ្រព្យឡើងវិញនៅឆ្នាំ២០២៤នេះ ដោយសារការរង់ចាំរបស់អ្នកទាំងនោះ បានគិតថា វាជាពេលវេលាល្អក្នុងការចាប់ផ្តើមឡើងវិញ”។ លោកបន្តថា “ប៉ុន្តែទោះជាយ៉ាងណា សកម្មភាព និងទំហំទឹកប្រាក់វិនិយោគមានចំនួននៅមានកម្រិតនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here