សហរដ្ឋអាមេរិកគ្រោងផ្តល់មូលនិធិសាងសង់កំពង់ផែស៊ីវិលនៅលើកោះមួយក្នុងប្រទេសហ្វីលីពីន

0

ដោយ: គង់ លាងហួរ

ម៉ានីល: សហរដ្ឋអាមេរិកគ្រោងផ្តល់មូលនិធិ ដើម្បីសាងសង់កំពង់ផែស៊ីវិល នៅក្នុងខេត្ត Batanes ដែលជាដែនកោះស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន និងស្ថិតក្បែរកោះតៃវ៉ាន់។

លោកស្រី Marilou Cayco អភិបាលខេត្ត Batanes បានមានប្រសាសន៍ឱ្យដឹងថា កងទ័ពអាមេរិក នឹងធ្វើដំណើរមកដល់នៅចុងខែមេសាខាងមុខ ដើម្បីពិភាក្សាបន្ថែមអំពីការសាងសង់កំពង់ផែថ្មីនេះ។

លោកស្រីបានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា កំពង់ផែនេះអាចជាជម្រើសថ្មីមួយ ជំនួសឱ្យកំពង់ផែដែលមានស្រាប់ នៅផ្នែកខាងលិចនៃកោះ Batan ដែលជាកោះមួយ ស្ថិតក្នុងចំណោមកោះសំខាន់ៗទាំង៣នៅក្នុងខេត្តនេះ។

ដែនកោះ Batanes ដែលជាខេត្តដ៏តូចបំផុតរបស់ប្រទេសហ្វីលីពីន ដែលមានចម្ងាយមិនដល់២០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងករណីផ្ទុះជម្លោះរវាងប្រទេសចិន និងកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួន ដែលត្រូវតែបង្រួបបង្រួមឡើងវិញ ដោយកម្លាំងទ័ពប្រសិន បើចាំបាច់។

លោកស្រី Cayco បានអះអាងថា ផែនការសាងសង់កំពង់ផែថ្មី មានគោលបំណងផ្ទុកកម្មករហ្វីលីពីន ដែលភៀសខ្លួនចេញពីកោះតៃវ៉ាន់ ក្នុងករណីមានវិបត្តិផ្ទុះឡើង។

កាលពីខែកុម្ភៈកន្លងទៅ លោកGilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ក៏បានសម្តែងការខ្នះខ្នែង ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងខេត្ត Batanesផងដែរ។

ខេត្ត​ Batanes ​ត្រូវ​បាន​គេ​កំណត់​ថា​ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ សម្រាប់​ធ្វើសមយុទ្ធ​យោធា​រួម ​ប្រចាំ​ឆ្នាំ​រវាង​ហ្វីលីពីន​ និង​សហរដ្ឋ​អាមេរិក ​ក្នុង​ខែ​មេសា និង​ឧសភា ហើយសកម្មភាពនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​ពី​ប្រទេស​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here