មន្រ្តីជាន់ខ្ពស់កម្ពុជា ចិនពិភាក្សាពិភាក្សាផ្តោតលើឱកាសធ្វើធុរកិច្ច ខណៈអ្នកវិនិយោគចិនបន្តនាំមុខនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នកធុរកិច្ចកម្ពុជា និងចិន បានបើកកិច្ចប្រជុំស្ដីពី ការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នា រវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ”។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយការិយាល័យបរទេសនៃខេត្តសានតុង សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹង អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកជា វុទ្ឋីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ ចំពោះកិច្ចសហប្រតិបត្តិការវិនិ​យោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

លោកក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងអាចសម្រេចបាន នូវកិច្ចសហប្រតិបត្តិការផ្នែកនយោ​បាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀត ឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

លោក ជា វុទ្ឋីបានលើកទឹកចិត្តឱ្យវិនិយោគិនចិន អញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។

លោកបានជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត សំបកកង់រថយន្ដនៅកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដ ដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។

រំហូរទុនវិនិយោគរបស់ចិន តែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិ-ឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here