ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនរំពឹងថា ចំនួននៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងប្រាក់ចំណូលនឹងស្ទុះងើបឡើងវិញ ដល់កម្រិតមុនផ្ទុះជំងឺកូវីដ នៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។
ប៉ុន្តែទោះជាយ៉ាងណាក្តី ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នឹងត្រូវចំណាយពេលយូរជាងនេះ ក្នុងការស្តារឡើងវិញ។ នេះបើយោងតាមរបាយការណ៍សិក្សា របស់វិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ China Tourism Academy (CTA)។
របាយការណ៍របស់វិទ្យាស្ថាន CTA បានព្យាករថា ជនជាតិចិននឹងធ្វើដំណើរចំនួន៦ពាន់លានដង (Trip)នៅឆ្នាំនេះ ដែលជាកម្រិតប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០១៩ ប៉ុន្តែពួកគេនឹងធ្វើដំណើរក្នុងចម្ងាយជិតៗជាងមុន។
របាយការណ៍ដដែលបានបន្តថា ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុក កំពុងស្ទុះងើបឡើងវិញជាលំដាប់ ចាប់តាំងពីរដ្ឋាភិបាលបានលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ ខណៈចំនួនភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់៥០%នៃកម្រិតមុនផ្ទុះជំងឺកូវីដ នៅឆ្នាំ២០២៥។
ប្រាក់ចំណូលពីភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើនឡើង២៣ភាគរយ ដល់៦ទ្រីលានយ័ន (ប្រហែល៨៣៩ពាន់លានដុល្លារ) ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បើធៀបនឹងប្រាក់ចំណូលចំនួន៥,៧ទ្រីលានយ័ន ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩។
វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិន បាននិងកំពុងស្ទុះងើបឡើងវិញ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ខណៈចំនួននៃការធ្វើដំណើរកំសាន្ត ក្នុងប្រទេសចិនកាលពីឆ្នាំ២០២៣ បានកើនឡើងដល់អត្រា៨០ភាគរយ នៃកម្រិតមុនផ្ទុះជំងឺរាតត្បាត៕