ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសចំនួន៦ នៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើការរួមគ្នា ដើម្បីសាងសង់ខ្សែរថភ្លើងប្រវែង ប្រហែល២.១៧៣គីឡូម៉ែត្រ ដែលជាយុទ្ឋសាស្រ្តនៃការតភ្ជាប់ និងសមាហរណកម្មប្រទេសក្នុងតំបន់នេះ។
គម្រោងដ៏ធំនេះ នឹងត្រូវចំណាយថវិកាសាងសង់អស់រាប់ពាន់លានដុល្លាអាមេរិក ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ឋធំជាងគេបំផុតទីពីរនៅក្នុងពិភពលោក។
គម្រោងនេះមានឈ្មោះថា The Gulf Railway គឺជាប្រព័ន្ធផ្លូវដែក ដែលត្រូវបានស្នើសាងសង់ឡើង ដើម្បីតភ្ជាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (GCC)។ ខ្សែរថភ្លើងនេះ នឹងតភ្ជាប់ប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។បណ្តារដ្ឋនីមួយៗមានទំនួលខុសត្រូវ ក្នុងការសាងសង់ផ្នែកនៃគម្រោង ដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយនឹងសាងសង់បណ្តាញផ្លូវដែក ស្ថានីយ៍ និងស្ថានីយដឹកទំនិញផ្ទាល់ខ្លួន។
យោងតាមការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវចំណាយថវិកាចំនួន១៩៦ពាន់លានផោន(ប្រហែល២៥១,៨៣ពាន់លានដុល្លារអាមេរិក) ប៉ុន្តែការសាងសង់នៅមិនទាន់ចាប់ផ្តើមនៅឡើយ បើទោះជាខ្សែរថភ្លើងនេះ គ្រោងនឹងបើកដំណើរការ ក្នុងឆ្នាំ២០២៥យ៉ាងណាក្តី។
គម្រោងនេះត្រូវបានស្នើឡើង និងអនុម័តជាលើកដំបូងដោយក្រុមប្រឹក្សា GCC ក្នុងឆ្នាំ២០០៩ ប៉ុន្តែនៅពេលនោះ ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាសមាជិកតែមួយគត់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ខ្សែរថភ្លើងនេះ នឹងមានចំណុចចាប់ផ្តើមពីប្រទេសគុយវ៉ែត ហើយឆ្លងកាត់កំពង់ផែ Dammam និងកំពង់ផែ Al-Batha របស់ប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុង Abu Dhabi និងទីក្រុង Al Ain របស់ប្រទេសអារ៉ាប់រួម និងទីក្រុងSohar មុនពេលបញ្ចប់នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់។
គម្រោងខ្សែរថភ្លើងនេះ ក៏នឹងមានផ្លូវបែកខ្នែង ពីកំពង់ផែ Dammam ទៅកាន់ប្រទេសបារ៉ែន (Bahrain) និងប្រទេសកាតា (Qatar) តាមរយៈផ្លូវ ដែលស្នើសាងសង់ឡើងចំនួន២ខ្សែ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់រថភ្លើង ដែលអាចធ្វើដំណើរបានក្នុងល្បឿន២២៥,៣គីឡូម៉ែត្រក្នុងមួយម៉ោង៕