ដោយៈ ជេស៊ីកា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានបង្ហើបថា ច្បាប់វិនិយោគថ្មីនេះ ក៏បានបង្កភាពងាយស្រួល ជូនវិនិយោគិនច្រើនជាងមុន ដោយបានកាត់បន្ថយពេលវេលា ក្នុងការអនុម័តគម្រោងវិនិយោគ ឱ្យមកនៅត្រឹមតែ២០ថ្ងៃនៃថ្ងៃធ្វើការ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសជម្រាបជូនគណៈកម្មការទី៣ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមនានា និងទិសដៅអនុវត្តបន្តរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនគណៈកម្មការនៃរដ្ឋសភា អំពីព្រះរាជក្រឹត្យថ្មី ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាឯកសារគតិយុត្តដ៏សំខាន់ក្នុងការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ឱ្យកាន់តែមានរឹងមាំក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅបន្តកៀគរការវិនិយោគ និងសហប្រតិបត្តិការអភិវឌ្ឍន៍ ឱ្យកាន់តែមានភាពរីកចម្រើន។
ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីផែនការ និងទិសដៅមួយចំនួនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តន៍ ដើម្បីទាក់ទាញវិនិយោគិន តាមរយៈការបង្កើនប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយសក្ដានុពល និងភាពបើកចំហររបស់កម្ពុជា ក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។
លោកស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ជាការត្រៀមខ្លួនសម្រាប់បម្រែបម្រួល នៃបរិបទសកល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អនុវត្តឱ្យបានជោគជ័យនូវវិធានការ ដែលបានដាក់ចេញក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) និងគោលនយោបាយផ្សេងៗទៀត ដែលក.អ.ក បានចូលរួមសហការតាក់តែងឡើង។
ជាមួយសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលរាជរដ្ឋាភិបាលបន្តសម្រេចបានជាបន្តបន្ទាប់ ក.អ.ក ក៏នឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់វិនិយោគិនលើអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលបានបង្កើនទំហំទីផ្សារកាន់តែធំសម្រាប់វិនិយោគិន។
លោកបញ្ជាក់ថា “ក.អ.កនឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគដោយផ្តោតលើប្រទេសគោលដៅ យុទ្ធសាស្រ្តប្រទេសបូក និងឧស្សាហកម្មអាទិភាព”។
លោកសន្តិបណ្ឌិតឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងការរៀបចំកំណែទម្រង់ស្ថាប័ន ដើម្បីទាក់ទាញវិនិយោគិន ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕