តម្រូវការលំនៅដ្ឋាននៅទីក្រុងហុងកុង កំពុងស្ទុះងើបឡើងវិញលឿន ខណៈតម្លៃផ្ទះរំពឹងបន្តធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline Property Agency Ltd បានឱ្យដឹងថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទីក្រុងហុងកុង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំកាលពីចុងសប្តាហ៍មុន ក្រោយពីរដ្ឋបាលហុងកុងបានដាក់ចេញវិធានការថ្មី។

អាផាតម៉ិនសរុបចំនួន៣៧យូនីត ត្រូវបានលក់ចេញនៅចុងសប្តាហ៍មុន កើនឡើង៤៨% បើធៀបនឹងមួយសប្តាហ៍មុននេះទៀត។ អតិថិជនកំពុងសម្រុកទិញផ្ទះនៅក្រុងហុងកុង បន្ទាប់ពីតំបន់រដ្ឋបាលពិសេសមួយនេះ បានប្រកាសលុបចោលការយកពន្ធបន្ថែម កាលពីខែមុន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

ការបន្ធូរបន្ថយវិធានការពន្ធ ដោយរដ្ឋបាលហុងកុង នឹងជំរុញតម្រូវការលំនៅដ្ឋាន ប៉ុន្តែកម្រិតអត្រាការប្រាក់ខ្ពស់ និងការផ្គត់ផ្គង់ច្រើនគ្រប់គ្រាន់ក្នុងរយៈពេលខ្លី នឹងធ្វើឱ្យតម្លៃផ្ទះបន្តធ្លាក់ចុះ៥ភាគរយនៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការព្យាករណ៍ដោយ UBS Group AG ដែលជាធនាគារវិនិយោគពហុជាតិសាសន៍ និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ដែលមូលដ្ឋាននៅប្រទេសស្វីស។អតិថិជនបរទេស និងម្ចាស់ផ្ទះដែលមានស្រាប់ លែងត្រូវបង់ពន្ធខ្ពស់លើប្រតិបត្តិការរបស់ពួកគេទៀតហើយ។ លើសពីនេះ ច្បាប់កម្ចីទិញផ្ទះត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យអ្នកទិញផ្ទះមួយចំនួនអាចទិញអចលនទ្រព្យ ជាមួយនឹងការបង់ប្រាក់កក់តិចជាងមុន។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Midland Realty បានឱ្យដឹងថា ការលក់ផ្ទះថ្មីនៅទីក្រុងហុងកុង បានកើនឡើង១០ដង ក្នុងរយៈពេល៥ថ្ងៃដំបូង បន្ទាប់ពីរដ្ឋបាលហុងកុង បានលុបចោលវិធានការពន្ធប្រថាប់ត្រា បើធៀបនឹង២ខែមុន។

ជាមួយគ្នានេះ គម្រោងលំនៅដ្ឋានចុងក្រោយបង្អស់ របស់ក្រុមហ៊ុន Henderson Land Development Co. ក៏ទទួលបានអត្ថប្រយោជន៍ពីការកាត់ពន្ធនេះផងដែរ។ តួយ៉ាង ក្រុមហ៊ុននេះបានលក់អាផាតមុិនជិត២០០យូនីត នៅក្នុងរយៈពេលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ថ្មីៗនេះ។

អត្រាពន្ធដែលត្រូវលុបចោលនោះ រួមមាន ពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយ ចំពោះអ្នកទិញផ្ទះ ដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង។ ទន្ទឹមនឹងនេះ ពន្ធចុះបញ្ជី៧,៥ភាគរយសម្រា​ប់អ្នកទិញផ្ទះទីពីរ និងពន្ធចុះបញ្ជី១០ ទៅ១២ភាគរយសម្រាប់អ្នកលក់ផ្ទះក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីទិញ ក៏ត្រូវបានលុបចោលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here