ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរី គ្រោងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ ប្រកបដោយនិរន្តរភាព (SAF) ចាប់ពីឆ្នាំ២០២៦តទៅ ដែលជាផ្នែកមួយនៃផែនការឧស្សាហកម្ម ដើម្បីចូលរួមជួយកាត់បន្ថយការបំភាយកាបូន។
លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី បានថ្លែងប្រាប់កិច្ចប្រជុំកំពូល អាកាសចរណ៍មួយកាលពីពេលថ្មីៗនេះ ថា “ដោយសារតែប្រេងឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន(SAF) មានតម្លៃថ្លៃជាងប្រេងឥន្ធនៈធម្មតា ចន្លោះពី៣ ទៅ៥ដង ហេតុនេះ អាជ្ញាធរ នឹងយកពន្ធលើសំបុត្រធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍”។
លោក Chee បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាកាសចរណ៍នានា នឹងត្រូវប្រើប្រាស់ល្បាយឥន្ធនៈយន្តហោះ ដែលមានលាយផ្សំប្រេងឥន្ធនៈ ដែលមិនប៉ះពាល់ដល់បរិស្ថាន(SAF) ចំនួន១ភាគរយនៅឆ្នាំ២០២៦ ហើយបង្កើនបន្តិចម្តងៗដល់ចន្លោះពី៣ ទៅ៥ភាគរយនៅឆ្នាំ២០៣០ខាងមុខ។






