ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន CSNC Agriculture Co.,Ltd គ្រោងវិនិ
យោគលើដំណាំកសិកម្ម និងកសិឧស្សាហកម្មចំនួន៤ប្រភេទ នៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួប រវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១៨ មិនាកន្លងមកនេះ។
លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្រប តាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។
លើសពីនេះទៀត លោកឌិត ទីណាបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព ក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កញ្ចីដែលមានអត្រាការប្រាក់ទាប ដែលកសិករមានលទ្ធភាពសងត្រឡប់ និងទទួលបានផលចំណេញ។
ក្រុមហ៊ុនមានផែនការវិនិយោគជាច្រើន ដូចជា ស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី៕