ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកធុរកិច្ចភូមាមួយក្រុម បានមកស្វែងរកឱកាសវិនិយោគលើអចលនទ្រព្យនៅទីក្រុងភ្នំពេញ ខណៈទីផ្សារកម្ពុជាបានបើកចំហរ និងផ្តល់លក្ខខ័ណ្ឌអំណោយផលច្រើនដល់ការវិនិយោគ។
អ្នកធុរកិច្ចឬវិនិយោគិនទាំងនោះ ភាគច្រើនមកពីសមាគមអចលនទ្រព្យ ដែលមានទីតាំងនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ាឬភូមា។
-->
លោកស្រីតាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានចូលរួមដឹកនាំប្រតិភូទាំងនោះ សិក្សាគំរោងអភិវឌ្ឍន៍ខុនដូធំមួយ នៅរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ មិនានេះថា ក្រុមអ្នកវិនិយោគភូមា មានចំណាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យ ខុនដូ ដីធ្លី និងវិស័យកសិកម្មនៅកម្ពុជា។
លោកស្រីបន្តថា “ជាឱកាសល្អ ប៉ុន្តែពួកគេនឹងមិនចាប់ផ្តើមភ្លាមៗទេ ពួកគេនៅសិក្សានៅឡើយ លទ្ឋផលមិនទាន់ចេញទេ”។ លោកស្រីបន្ថែមថា “ពួកគេមានការចាប់អារម្មណ៍ច្រើន លើឱកាសវិនិយោគនៅកម្ពុជា យើងសង្ឃឹមនឹងមានលទ្ឋផលល្អនាពេលខាងមុខ”។
ក្រុមប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា មកទស្សនកិច្ចនិងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា បានធ្វើឡើងតាមរយៈសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
បន្ទាប់ពីការធ្វើរដ្ឋប្រហារដោយយោធា នៅប្រទេសមីយ៉ាន់ម៉ា ប្រទេសនេះមានភាពវឹកវរខាងនយោបាយ និងកំពុងមានសង្រ្គាមស៊ីវិល ដែលធ្វើឡើងដោយក្រុមយោធាភូមា និងក្រុមជនជាតិភាគតិចការ៉ែន និងជនជាតិភាគតិចមួយចំនួនទៀត។
វិបត្តិនយោបាយនេះ បានធ្វើឲ្យវិនិយោគិនភូមាជាច្រើន បានចាកចេញ និងស្វែងរកឱកាសវិនិយោគ នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន៕

