ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអន្តរជាតិជាច្រើន បាននិងកំពុងស្វែងរកឱកាសវិនិយោគបៃតងនៅកម្ពុជា ខណៈប្រទេសនេះបើកចំហរស្វាគមន៍វិនិយោគិនពីគ្រប់ទិសទី។
ក្រុមហ៊ុនដែលពិនិត្យស្វែងរកឱកាសវិនិយោគ នៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលមានចំណាប់អារម្មណ៍លើវិស័យការអភិវឌ្ឍបៃតង ដឹកនាំដោយលោកJohn Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និងសិង្ហបុរី ចូលជួបពិភាក្សាការងារ ព្រមទាំងស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។
នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនការត្រៀមខ្លួនរួចរាល់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគ ពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះ កម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។
លោកបញ្ជាក់ថា “កម្ពុជាមានភាពបើកចំហរ ក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្ត លើវិស័យមួយចំនួនស្របតាមច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១”។
ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍ សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕