ការបើកក្រុមហ៊ុនមួយ ជារឿងសាមញ្ញ ប៉ុន្តែតើមាននិតិវិធីនិងលក្ខខ័ណ្ឌតម្រូវអ្វីខ្លះ ជារឿងកាន់តែចាំបាច់ ដើម្បីឲ្យអ្នកមានបំណងបើកក្រុមហ៊ុនផ្តល់សេវាកម្មជាភ្នាក់ងារទេសចរណ៍បានដឹង និងរៀបចំឯកសារស្នើសុំទៅក្រសួង និងស្ថាប័នពាក់ព័ន្ឋ។
ការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ និងអាជ្ញាបណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ត្រូវបានបែងចែកជា ០៤ប្រភេទ ដូចជា ទី១ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរ ទៅកម្សាន្តក្រៅព្រះរាជាណាចក្រកម្ពុជា (Outbound Tour Operators) ទី២ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរចូលមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Inbound Tour Operators) ទី៣ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរ កម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Domestic Tour Operators) និងទី៤អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ភ្នាក់ងារទេសចរណ៍ (Travel Agent)។
យោងតាមឯកសាររបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា បុគ្គលដែលមានបំណងប្រកបអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ឬបើកសាខាត្រូវបំពេញសំណុំបែបបទរួមទាំងឯកសារសំអាង និងព័ត៌មានមួយចំនួនដូចខាងក្រោម ដូចជា ត្រូវមានវិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ។មានប្រាក់តម្កល់ធានាអាជីវកម្មពីធានា ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។
-->
ឯកសារដដែលបានបន្តឲ្យដឹងថា អ្នកដែលមានបំណងបើកក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យនេះក៏ត្រូវមានឯកសារមួយចំនួនផងដែរ ដូចជា ទី១ លិខិតបញ្ជាក់ទីស្នាក់ការ ឬកិច្ចសន្យាជួលផ្ទះកិច្ចសន្យារបស់ប្រតិបត្តិករទេសចរណ៍ក្នុងការប្រកបអាជីវកម្ម ទី២ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ទី៣ រូបថតម្ចាស់អាជ្ញាបណ្ណទេសចរណ៍ (៤x៦) ចំនួន ០៣សន្លឹក។

បុគ្គលដែលស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (រួមទាំងសាខា) ត្រូវបំពេញសំណុំបែបបទរួមទាំងឯកសារសំអាង និងព័ត៌មានមួយចំនួនដូចជា ទី១ ត្រូវមានប្រាក់តម្កល់ធានាអាជីវកម្មពីធានាការដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ ទី២ អាជ្ញាបណ្ណទេសចរណ៍ច្បាប់ដើម ទី៣ របាយការណ៍សកម្មភាពអាជីវកម្មឆ្នាំមុន ទី៤ កិច្ចសន្យារបស់ប្រតិបត្តិករទេសចរណ៍ក្នុងការប្រកបអាជីវកម្ម ទី៥ រូបថតម្ចាស់អាជ្ញាបណ្ណទេសចរណ៍ (៤x៦) ចំនួន០៣សន្លឹក។
ប្រាក់តម្កល់ធានាការប្រកបអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ត្រូវបានកំណត់ទៅតាមវិសាលភាព និងទំហំអាជីវកម្មដូចជា អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ ដែលនាំភ្ញៀវទេសចរទៅកម្សាន្តក្រៅព្រះរាជាណាចក្រកម្ពុជា (Outbound Tour Operators) ត្រូវតម្កល់ប្រាក់៧,០០០ដុល្លារអាមេរិក។ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរចូលមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Inbound Tour Operators) ត្រូវតម្កល់ប្រាក់ ៥,០០០ដុល្លារអាមេរិក។ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ការីទេសចរណ៍ដែលនាំភ្ញៀវទេសចរ កម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា (Domestic Tour Operators) ត្រូវតម្កល់ប្រាក់ ៥,០០០ដុល្លារអាមេរិក។ អាជ្ញាបណ្ណទេសចរណ៍ ផ្តល់ដល់ភ្នាក់ងារទេសចរណ៍ (Travel Agent) ត្រូវតម្កល់ប្រាក់២,០០០ដុល្លារអាមេរិក៕