ចង់​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ត្រូវការ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ?

0

ការបើក​ក្រុមហ៊ុន​មួយ ជា​រឿង​សាមញ្ញ ប៉ុន្តែ​តើ​មាន​និតិ​វិធី​និង​លក្ខ​ខ័​ណ្ឌ​តម្រូវ​អ្វីខ្លះ ជា​រឿង​កាន់តែ​ចាំបាច់ ដើម្បី​ឲ្យ​អ្នកមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារទេសចរណ៍​បានដឹង និង​រៀបចំ​ឯកសារ​ស្នើសុំ​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័​ន្ឋ។

ការផ្តល់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ និង​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ត្រូវបាន​បែងចែក​ជា ០៤ប្រភេទ ដូចជា ទី១ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ទី៣ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) និង​ទី៤អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent)។

យោងតាម​ឯកសារ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា បុគ្គល​ដែលមាន​បំណង​ប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ឬ​បើក​សាខា​ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចខាងក្រោម ដូចជា ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម ។មាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍។

ឯកសារ​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា អ្នក​ដែលមាន​បំណង​បើក​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ក្នុង​វិស័យនេះ​ក៏ត្រូវ​មាន​ឯកសារ​មួយចំនួន​ផងដែរ ដូចជា ទី១ លិខិតបញ្ជាក់​ទីស្នាក់ការ ឬ​កិច្ចសន្យាជួល​ផ្ទះ​កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី២ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន (សម្រាប់​ជនបរទេស) ទី៣ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន ០៣សន្លឹក។

បុគ្គល​ដែល​ស្នើសុំ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ (រួមទាំង​សាខា) ត្រូវបំពេញ​សំណុំបែបបទ​រួមទាំង​ឯកសារ​សំអាង និង​ព័ត៌មាន​មួយចំនួន​ដូចជា ទី១  ត្រូវមាន​ប្រាក់​តម្កល់​ធានា​អាជីវកម្ម​ពី​ធានា​ការដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ ទី២ អាជ្ញា​បណ្ណ​ទេសចរណ៍​ច្បាប់ដើម ទី៣ របាយការណ៍​សកម្មភាព​អាជីវកម្ម​ឆ្នាំមុន ទី៤ កិច្ចសន្យា​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងការ​ប្រកប​អាជីវកម្ម ទី៥ រូបថត​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ (៤x៦) ចំនួន០៣សន្លឹក។

ប្រាក់​តម្កល់​ធានា​ការប្រកប​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ត្រូវបាន​កំណត់​ទៅតាម​វិសាលភាព និង​ទំហំ​អាជីវកម្ម​ដូចជា អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍ ដែល​នាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា (Outbound Tour Operators) ត្រូវ​តម្កល់​ប្រាក់៧,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Inbound Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ការី​ទេសចរណ៍​ដែល​នាំ​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (Domestic Tour Operators) ត្រូវ​តម្កល់​ប្រាក់ ៥,០០០ដុល្លារ​អាមេរិក។ អាជ្ញា​បណ្ណ​ទេសចរណ៍ ផ្តល់​ដល់​ភ្នាក់ងារទេសចរណ៍ (Travel Agent) ត្រូវ​តម្កល់​ប្រាក់២,០០០ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here