ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស្រីJyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាបានបង្ហាញការគាំទ្រ ដល់ការផ្តល់មូលនិធិដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ទៅកាន់តំបន់ទេសចរណ៍ថ្មីៗនៅកម្ពុជា។
លោកស្រីលើកឡើងបែបនេះ ក្នុងពេលចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់កាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្លានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបានជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលនាំមកនូវការបញ្ចប់ដោយជោគជ័យ នូវគម្រោងគំាទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែ ទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។
តាមរយៈលទ្ធផលជាផ្លែផ្កាពីគម្រោងកន្លងមក កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងដោយយល់ច្បាស់អំពីការចូលរួមចំណែករបស់វិស័យទេសចរណ៍ ដល់ជីវភាពប្រជាពលរដ្ឋ និងសហគមន៍ ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកពីគម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីៗ និងសំខាន់បន្ថែមទៀតជាមួយក្រសួងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះ លោកហួត ហាក់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តអនុវត្តគម្រោងវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀតជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា៕