ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងស្ថានទូតសហភាពអឺរ៉ុបពិភាក្សាពីលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា លើគម្រោងអេកូទេសចរណ៍តាមសហគមន៍ ដែលជាផលិតផលទេសចរណ៍មានតម្លៃបន្ថែម និងទទួលការគាំទ្រពីភ្ញៀវទេសចរអឺរ៉ុប។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងពេល លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ការជួយភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ ការកសាងសមត្ថភាពធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា និងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាពលរដ្ឋអឺរ៉ុបឱ្យបានទូលំទូលាយ។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលធំៗ និងមានសារៈសំខាន់ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសគឺគម្រោងជួយអភិរក្សតំបន់ទន្លេសាប “ទន្លេសាបយើង” ដែលសម្រេចបានក្នុងអាណត្តិបេសកកម្មរបស់ លោកឯកអគ្គរដ្ឋទូត ជាពិសេសក្តីស្រលាញ់ដ៏ជ្រាលជ្រៅ របស់លោកឯកអគ្គរដ្ឋទូតចំពោះប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ តាមរយៈវីដេអូឃ្លីបរបស់លោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលបង្ហាញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនលោករដ្ឋមន្រ្តីពីការជួយគាំទ្ររបស់សហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជា ដែលតែងតែបន្តជួយប្រទេសកម្ពុជារហូតមក គឺចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ និងការផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៧ ដល់សព្វថ្ងៃនេះ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសចរណ៍ ជាកត្តាជួយបង្កើនទំនាក់ទំនងប្រទេស និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។
កំណើនចំនួនភ្ញៀវទេសចរ ពីសហភាពអឺរ៉ុបមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ច សហប្រតិបត្តិការដ៏ល្អ និងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជា ដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់ភ្ញៀវទេសចរ និងធុរជនពីសហភាពអឺរ៉ុប៕