រដ្ឋបាលខេត្តកោះកុងចាប់ផ្តើមកែសម្រួលព្រំប្រទល់ស្រុកចំនួន២ នៅមូលដ្ឋានរបស់ខ្លួន

0

        ដោយៈ គង់ សូរិយា

        កោះកុងៈ ​លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត​​កោះកុង កាលពីថ្ងៃទី១៩ មិនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកែសម្រួលព្រំប្រទល់ឃុំជីផាត ស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង។

 ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងលោកសុខ សុទ្ឋី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកែសម្រួលព្រំប្រទល់ រវាងឃុំជីផាតស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ទីតាំងដីដែលជាកម្មវត្ថុនៃការពិភាក្សា ដើម្បីកែសម្រួលព្រំប្រទ​ល់នេះ បើពិនិត្យតាមផែនទីភូមិសាស្ត្ររដ្ឋបាលកន្លងមក គឺស្ថិតនៅក្នុងដែនរដ្ឋបាលនៃឃុំជីខលើ ស្រុកស្រែអំបិល ប៉ុន្តែយោងតាមភូមិសាស្ត្រជាក់ស្តែង ទីតាំងដីនេះស្ថិតនៅក្បែររដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង ហើយកន្លងមក ប្រជាពលរដ្ឋ ក៏តែងតែប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋបាលឃុំជីផាតផងដែរ ព្រោះយល់ថា ស្ថិតក្នុងដែនរដ្ឋបាលឃុំជីផាត។

ក្បាលដីពាក់ព័ន្ធដែលវាស់វែងដោយ បប០១ (បច្ចុប្បន្នក្នុងផែនទីភូមិសាស្ត្ររដ្ឋបាល ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិលចំនួន ៦៨៤ក្បាលដី ស្មើនឹងទំហំ៦៧៣៦ហិកតា  ក្នុងនោះក្បាលដី ដែលគ្រប់គ្រង កាន់កាប់ ដោយប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានចំនួន៥២១ក្បាលដី និងក្បាលដីចំនួន១៦៣ក្បាលដី គ្រប់គ្រងដោយប្រជាពលរដ្ឋ នៅក្រៅឃុំជីផាត រួមមាន ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពតខេត្តកណ្តាល និងប្រជាពលរដ្ឋនៅឃុំបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិល (មិនមានប្រជាពលរដ្ឋនៅឃុំជីខលើទេ)។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាពដូចខាងក្រោម៖

ទី១.ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី នៃក្បាលដីវាស់វែងដោយបប០១ ទាំង ៦៨៤ក្បាលដី (ទាំងដីដែលកាត់ឆ្វៀលរួច ស្ថិតនៅក្នុងតំបន់ឥណទានកាបូន និងមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន) គឺប្រគល់ជូនរដ្ឋបាលឃុំជីផាត គ្រប់គ្រង និងការពារ។

ទី២.ការកំណត់ព្រំប្រទល់រវាងរដ្ឋបាលឃុំជីផាត ជាមួយរដ្ឋបាលឃុំជីខលើ អង្គប្រជុំសម្រេចជាបឋមថា ក្បាលដីវាស់វែងដោយ បប០១ ចំនួន៥៤១ក្បាលដី ដែលមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន នឹងត្រូវធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកាត់បញ្ចូលទៅក្នុងភូមិសាស្ត្រ រដ្ឋបាលឃុំជីផាត។

ទី៣ ចំណែកឯ ក្បាលដីវាស់វែងដោយ បប០១ ចំនួន១៤៣ក្បាលដី ដែលស្ថិតនៅក្នុងតំបន់ឥណទានកាបូនថាតើ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំណានោះ នឹងត្រូវប្រជុំពិភាក្សាបន្ត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here