ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនសុខាអូតែល នឹងដាំដើមឈើចំនួន៨ប្រភេទ នៅទីតាំងសាងសង់ពុទ្ឋបដិមា កំពស់១០៨ម៉ែត្រលើកំពូលភ្នំ បូកគោ ខណៈពុទ្ឋបដិមាតូចៗ៨៤,០០០អង្គទៀត នឹងត្រូវរៀបចំនៅក្នុងពុទ្ឋបដិមាដ៏ខ្ពស់នេះ។
ដើមឈើ និងផ្កាសំខាន់ៗចំនួន៨ប្រភេទនោះរួមមាន ដើមសាគូរ៉ាពណ៍ឈូក ដើមសាគូរ៉ាពណ៍ឈូកស្រាល ដើមសាគូរ៉ាពណ៍ស ដើមសាគូរ៉ាពណ៍លឿង ដើមស្រល់ ដើមឬស្សី ដើមពោធិ៍ និងដើមសាលព្រឹក្ស។
ទីតាំងសាងសង់ពុទ្ឋបដិមានេះ ស្ថិតនៅលើទំហំដីសរុប៩១,៧ ហិចតា ស្ថិតនៅចំណុចវាលស្រែ៥០០នៃភ្នំបូកគោ ដែលស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស។
តាមព័ត៌មានបញ្ជាក់ឲ្យដឹងពី ផេកពុទ្ឋបដិមានេះបានឲ្យដឹងថា ក្រៅពីការកសាង ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ និងព្រះពុទ្ធប្បដិមាអង្គតូច84,000 អង្គ នៅក្នុងគម្រោងទាំងមូល។
ក្រុមហ៊ុនសុខា នឹងមានគម្រោងបង្កើតនូវឧទ្យានផ្សេងៗជាច្រើនដែលក្នុងឧទ្យាននីមួយៗ សុទ្ធសឹងតែមានដំណែលរឿងទាក់ទង ទៅនឹងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិ ។
អ្នកឧកញ៉ាសុខ គង់អគ្គនាយកក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការសាងសង់រូបព្រះពុទ្ឋបដិមានេះ ដើម្បីគោរពបូជាដល់ពុទ្ឋសាសនា ក៏ដូចជា លើកកំពស់វិស័យទេសចរណ៍នៅខេត្តកំពត ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនសុខាបានវិនិយោគ ទឹកប្រាក់ប្រមាណ៥០០លានដុល្លាររួចហើយ នៅលើកំពូលភ្នំនេះ។
អ្នកឧកញ៉ាបានបន្តថា “បើលោកចង់ដើរលេង លោកមិនខ្វះលុយ សម្រាប់ដើរលេងនៅជុំវិញពិភពលោកទេ ប៉ុន្តែលោកចង់រួមចំណែកចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា”។
អ្នកឧកញ៉ាសុខ គង់កាលពីឆ្នាំមុន បានប្រកាសលក់ដី និងសណ្ឋាគារសុខា នៅតំបន់ជ្រោយចង្វារទំហំ១៣ហិកតា តម្លៃ១៥០០លានដុល្លារ ដើម្បីយកថវិកាមកអភិវឌ្ឍន៍ទីក្រុងបូកគោ៕