ដោយៈ គង់ សូរិយា
សៀមរាបៈ ស្លៀកសម្លៀកបំពាក់តួអង្គអប្សរា ក្រុមបវរកញ្ញាពិភពលោក Universal Women បានឈរបង្អួតរាងនៅមុខប្រាសាទអង្គរដ៏ល្បាញល្បីរបស់កម្ពុជា ជាមួយសម្រស់ និងមន្តស្នេហ៍របស់ពួកគេភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រទន់។
ចេញពីតំបន់បេតិកភ័ណ្ឌដ៏ល្បីល្បាញ និងជាបេតិកភ័ណពិភពលោករបស់មនុស្សជាតិ កំពូលសម្រស់របស់ប្រទេស ចំនួន៥០បានចាកចេញពីទឹកដីអង្គរ មកបង្ហាញរាងយ៉ាងល្វតល្វន់ នៅតំបន់ឆ្នេរ ដែលមានឆ្នេរខ្សាច់សក្បុស លំដាប់ពិភពលោកនាទីក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។
ព្រះរាជាណាចក្រកម្ពុជា “ប្រទេសតូច បេះដូងធំ” ជាទឹកដីនៃស្នាមញញឹមកាលពីអតីតកាល ប៉ុន្តែឆ្លងកាត់យុគដ៏ខ្មៅងងឹតជាច្រើនសតវត្សរ៍ ប្រទេសនេះបាខ្ទេចខ្ទាំ និងរួមតូច ប៉ុន្តែបច្ចុប្បន្នស្នាមញញឹម ដែលពោរពេញដោយមន្តស្នេហ៍ និងភាពកក់ក្តៅ បានវិលត្រលប់មកកម្ពុជាវិញ នាដើមសតវត្សរ៍ទី២១នេះ។
ក្រៅពីទស្សនារមណីយដ្ឋាន ប្រវត្តិសាស្រ្ត ងូតទឹកកម្សាន្ត ឈរបង្អួតរាងយ៉ាងរវើរវាយនៅលើឆ្នេរខ្សាច់ ក្រុមបវរកញ្ញាទាំងនេះ ក៏បានអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។
ក្រុមបវរកញ្ញាពិភពលោក Universal Women បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតុបតែងខ្លួនជាអប្សរា ពួកគេបានផ្តល់ការដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទបុរាណ ហើយពួកគាត់ បានបង្កើតជាពេលវេលាដ៏អស្ចារ្យមួយ ដែលមិនអាចបំភ្លេចបាន ចំពោះភាពកក់ក្តៅ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលពួកគាត់។
ឆ្លៀតក្នុងឱកាសនោះដែរក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះ នៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ នាវេលាយប់ថ្ងៃទី១៧ មីនា ។ ហើយនាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ នៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនា រូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕