ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថានភាពកំណើនសេដ្ឋកិច្ចដ៏រឹងមាំ បូករួមនឹងបរិយា កាសវិនិយោគអំណោយផល និងការអភិវឌ្ឍន៍ទីក្រុងយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសឥណ្ឌា ក្លាយទៅជាមជ្ឈមណ្ឌលវិនិយោគ ដ៏គួរឱ្យទាក់ទាញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ដូច្នេះហើយ មូលនិធិថ្មីៗជាច្រើនកំពុងពិចារណា ចំពោះការឈានជើងចូលទៅកាន់ទីផ្សារឥណ្ឌា ដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅទូទាំងពិភពលោក។
តួយ៉ាងមូលនិធិសកល និងមូលនិធិរបស់រដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដូចជា មូលនិធិMubadla មូលនិធិ Mitsubishi Fudson មូលនិធិ PAG Credit & Markets មូលនិធិ Cadillac Fairview មូលនិធិ Korea Investment Corp និងមូលនិធិ PNB Malaysia កំពុងពង្រីកការវិនិយោគរបស់ពួកគេ ឬបង្កើតការសហការថ្មីៗ ដើម្បីចាប់យកឱកាសរីកចម្រើននៅក្នុងប្រទេសឥណ្ឌា។
លោក Piyush Gupta នាយកគ្រប់គ្រងទីផ្សារមូលធន និងសេវាកម្មវិនិយោគ នៅក្រុមហ៊ុនអចលនទ្រព្យ Colliers India លើកឡើងថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា មានភាពរឹងមាំល្អ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាមានសក្ដានុពលក្នុងការរីកចម្រើនបន្ថែមទៀត ដោយផ្អែកលើការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងតម្រូវការដើមទុន។
លោកបន្តថា “វិនិយោគិនសកលតែងតែនាំមុខគេ និងបន្តចាក់បញ្ចូលទឹកប្រាក់ ជាមធ្យម៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចូលទៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីការបន្តការប្តេជ្ញាចិត្ត និងទំនុកចិត្តចំពោះវិស័យនេះ”។
អ្នកជំនាញរូបនេះបន្ថែមថា “វិស័យអចលនទ្រព្យឥណ្ឌានឹងអាចទាក់ទាញការវិនិយោគ បានកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលមានស្ថានភាពពិសេស ការទិញយកផលប័ត្រ ការកសាងទ្រព្យសកម្មឡើងវិញ និងរចនាសម្ព័ន្ធពាក់ព័ន្ធនានា”។
បណ្តាប្រទេសដ៏លេចធ្លោ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ដូចជាសិង្ហបុរី ហុងកុង កូរ៉េខាងត្បូង និងជប៉ុនកំពុងបង្វែរការចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើទីផ្សារអចលនទ្រព្យ របស់ប្រទេសឥណ្ឌា។
តួយ៉ាង ក្នុងឆ្នាំ២០២៣ លំហូរវិនិយោគផ្ទាល់ពីតំបន់អាស៊ីប៉ាស៊ីហ្វីក ចូលទីផ្សារអចលនទ្រព្យឥណ្ឌា បានកើនឡើង៥៧ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលសរុបជាទំហំទឹកប្រាក់ មានចំនួន១,៨ពាន់លានដុល្លារអាមេរិក ហើយចំនួន៧០%នៃទុនវិនិយោគសរុប បានហូរចូលទៅក្នុងផ្នែកការិយាល័យ៕