ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចបាន ៩០ភាគរយហើយ

0

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ លោកបណ្ឌិតសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីថ្ងៃទី១៩ មិនា បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់កំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ​។

លោកបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចបានការសាងសង់ប្រមាណ​៩០% ហើយ​។

លោកបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍ របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍ តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​ ។

គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជា​គម្រោង​ដែល​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះ នឹងធ្វើឲ្យកោះទន្សាយ ក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​។

ជាមួយ​គ្នានេះ លោកបណ្ឌិតសោម ពិសិដ្ឋបានបញ្ជាក់ថា ក្រោមយន្តការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេ​ស​អភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានា ក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here