ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានបង្ហើបឲ្យដឹងថា ក្រុមប្រតិបត្តិករទេសចរណ៍ឥណ្ឌា បានមកកម្ពុជាដើម្បីស្វែងរកមកិច្ចសហការ និងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២២ មិនានេះថា ក្រុមហ៊ុនអាកាសចរណ៍Indigoនឹងធ្វើការហោះហើរពីទីក្រុងចំនួន២ មកកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ ហេតុនេះក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍របស់ឥណ្ឌា ពួកគេបានមកដល់កម្ពុជាបណ្តើរៗហើយ ព្រោះវាជាទីផ្សារថ្មីរបស់ពួកគេ។
លោកបន្តថា “នៅប្រទេសឥណ្ឌាមិនមានកាស៊ីណូទេ ទេសចរណ៍មួយចំនួន ពួកគេចង់មកលេងកាស៊ីណូ ដែលនឹងផ្តល់ផលដល់ក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលជាទីតាំងទេសចរណ៍ដ៏មានកិត្យានុភាព”។លោកបន្តថា “ក្រុមហ៊ុនទេសចរណ៍ទាំងនោះ ពួកគេមកស្វែងរកទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ហើយខ្ញុំកំពុងគិតគូររៀបចំហាងឥណ្ឌា ដែលជាឱកាសមួយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ឥណ្ឌា”។
លោកឌិន សុមេធារិទ្ឋបានបន្តថា នៅកម្ពុជាភោជនីយដ្ឋាន និងសណ្ឋាគារឥណ្ឌា មានចំនួននៅមានកម្រិត ហេតុនេះពួកគេមកមិនត្រឹមតែសិក្សាទេ តែពួកគេស្វែងរកឱកាសវិនិយោគផងដែរ បើសិនជាពួកគេមើលឃើញឱកាស”។






