ដោយ ៖ វុត្ថា
ភ្នំពេញៈ លោក មូន ចេអ៊ីន ប្រធានាធិតីនៃសាធារណរដ្ឋកូរ៉េ នឹងមកបំពេញទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ នាពេលខាងមុខនេះ ដើម្បីលើកទឹកចិត្តិដល់ការវិនិយោគ ផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា-កូរ៉េ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី ៤ ខែមីនា ម្សិលមិញឲ្យដឹងថា ការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៊ីន ប្រធានាធិតីនៃសាធារណរដ្ឋកូរ៉េនាពេលនេះ គឺតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ជេអ៊ីន នឹងចូលគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
លោកប្រធានាធិបតី មូន ចេអ៊ីន និង សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាន់តែច្រើន រវាងប្រទេសទាំំងពីរ។
ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ប្រធានាធិតី មូន ចេអ៊ីន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕







