ដោយ: គង់ លាងហួរ
អន្តរជាតិ: កំពូលមហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានបោះទុនវិនិយោគ ចំនួន២០ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលបៃតង ដ៏ធំជាងគេបំផុតនៅលើពិភពលោក។
ទីតាំងរោងចក្រនេះ មានទំហំធំជិតស្មើទីក្រុង Chicago របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Business Insider។ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Adani Green Energy Limited របស់កំពូលមហាសេដ្ឋីរូបនេះ កំពុងសាងសង់រោងចក្រថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ ស្ថិតនៅភាគខាងលិចនៃរដ្ឋ Gujarat ដោយក្រុមហ៊ុនបានប្រកាសពីមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយរោងចក្រនេះទៅជា រោងចក្រថាមពលបៃតងធំជាងគេបំផុតរបស់ពិភពលោក។
គម្រោងបង្កើតរោងចក្រថាមពលបៃតង ធំជាងគេបំផុតនៅលើពិភពលោកមួយនេះ នឹងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលអាចបង្កើតការងារចំនួន១៥.២០០កន្លែង និងមានសមត្ថភាពផ្គត់ផ្គង់ថាមពលបៃតង ដល់ប្រជាជនឥណ្ឌាប្រមាណ១៦លានគ្រួសារ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Adani Group ក៏បានរាយការណ៍ឱ្យដឹងផងដែរថា ខ្លួនគ្រោងនឹងបណ្តាក់ទុន ចំនួន៧០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ដើម្បីប្រែក្លាយឥណ្ឌាទៅជាប្រទេស ដែលមានថាមពលបៃតងប្រើប្រាស់គ្រប់គ្រាន់។
ទោះជាយ៉ាងណាក្តី ផែនការមួយនេះ ហាក់មិនអាចសម្រេចបានជោគជ័យលឿនពេកនោះទេ ខណៈបច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនជាងគេធំបំផុតទី៣ នៅលើពិភពលោក។
ប៉ុន្តែស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានប្ដេជ្ញាក្នុងការលុបបំបាត់ការបំភាយ ឧស្ម័នកាបូនឌីអុកស៊ីត បានពាក់កណ្ដាល នៅត្រឹមឆ្នាំ២០៣០ និងលុបបំបាត់ឱ្យបានទាំងស្រុង១០០ភាគរយ នៅក្នុងឆ្នាំ២០៧០ខាងមុខ៕