អ្នកជំនាញៈចរន្តទិញ លក់ដីធ្លីនៅតំបន់ផ្លូវជាតិលេខ៥១នៅបន្តភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតែសុទិដដ្ឋិនិយមសម្រាប់អនាគត

0

        ដោយៈ គង់ សូរិយា

        កណ្តាល/កំពង់ស្ពឺៈ ក្រុមអ្នកជំនាញបានលើកឡើងថា ចរន្តនៃការទិញ លក់ដីធ្លីនៅតំបន់ផ្លូវលេខ៥១ និងតំបន់ជុំវិញ នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ។

       លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុឆៃលីន ស៊ា រៀលអេស្ទេតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡក្រាម នាព្រឹកថ្ងៃទី២៦ មិនានេះថា សកម្មភាពទិញ លក់ដីនៅតំបន់ខាងលើ នៅតែស្ងប់ស្ងាត់ ដោយសារមិនសូវមានតម្រូវការឆ្ពោះទៅតំបន់នោះ ប៉ុន្តែមានការដោះដូរខ្លះៗ សម្រាប់ដីដែលមានតម្លៃល្អក្រោមទីផ្សារ។

  លោកបន្តថា “សម្រាប់អនាគត តំបន់នេះនៅតែល្អ ដោយសារវាជាតំបន់ឧស្សាហកម្ម ដែលរដ្ឋាភិបាលរុញរោងចក្រ សហគ្រាសនានាចេញពីទីក្រុង ហើយពួកគេជ្រើសរើសតំបន់នោះ”។លោកបន្តថា បើគិតពីចំណែកទីផ្សារទិញ លក់សរុប តំបន់ផ្លូវលេខ៥១ អាចស្រូវបានសកម្មភាពទិញ លក់ ក្នុងខ្ទង់១ភាគរយប៉ុណ្ណោះ។

       ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realtyបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សកម្មភាព ទិញ លក់ដីធ្លី នៅតំបន់នេះ ទាល់តែមានតម្លៃទាបជាងទីផ្សារខ្លាំង ដែលអ្នកទិញភាគច្រើន ផ្តោតលើការបង្កើតរោងចក្រ សហគ្រាសនានា ជាជាងទិញយកផលចំណេញ។

       លោកបន្តថា “តម្លៃដីនៅតំបន់នេះ ស្ថិតក្នុងសភាពទ្រឹងមិនសូវធ្លាក់ចុះច្រើននោះទេ បើទោះជាទីផ្សារស្ងប់ស្ងាត់ក្តី”។លោកបន្តថា “ដីនៅតំបន់នេះ​ មានតម្លៃចន្លោះពី៣០ ទៅ៤០ដុល្លារអាមេរិក ប៉ុន្តែដីតម្លៃសម្រាប់សាងសង់រោងចក្រ សហគ្រាសមានតម្លៃខ្ទង់ចន្លោះពី១០ទៅ១៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ”។

       ផ្លូវជាតិលេខ៥១ ជាផ្លូវសំខាន់តភ្ជាប់រវាងផ្លូវជាតិលេខ៥ ពីចំណុចទីប្រជុំជនស្រុកឧត្តុង តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤។ ផ្លូវនេះស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺផង ខេត្តកណ្តាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here