ខេត្តឈៀងម៉ៃ ប្រទេសថៃរំពឹងរកប្រាក់ចំណូលបាន៥៥០លានដុល្លារពីពិធីបុណ្យសង្ក្រាន្តរយៈពេល១០ថ្ងៃ

0

ដោយ: គង់ លាងហួរ

បាងកក: ពិធីបុណ្យសង្ក្រាន្ត រយៈពេល១០ថ្ងៃ នៅក្នុងខេត្តឈៀងម៉ៃ របស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ និងបង្កើតប្រាក់ចំណូលចំនួន២០ពាន់លានបាត (ប្រហែល៥៥០លានដុល្លារអាមេរិក)។

លោក Weerapong Rithrod អភិបាលរងខេត្តឈៀងម៉ៃ  និងលោក Assanee Buranupakorn អភិបាលក្រុងឈៀងម៉ៃ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីអំពីការរៀបចំពិធីបុណ្យសង្ក្រាន្តនៅឆ្នាំ២០២៤នេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែមេសាខាងមុខ។លោកអភិបាលរងខេត្តឈៀងម៉ៃបានលើកឡើងថា ពិធីសង្ក្រាន្ត ក្នុងខេត្តឈៀងម៉ៃ នៅឆ្នាំនេះ នឹងមានភាពពិសេសជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារអង្គការយូណេស្កូ ទើបតែដាក់បញ្ចូលពិធីសង្ក្រាន្តថៃ (Songkran) ទៅក្នុងបញ្ជី “បេតិកភណ្ឌវប្បធម៌អរូបី”របស់ពិភពលោក។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ថៃក៏បានជ្រើសរើស ខេត្តឈៀងម៉ៃ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ នៅក្នុងប្រទេសថៃ ដែលមានវប្បធម៌ និងប្រពៃណីដ៏ល្បីល្បាញបំផុតផងដែរ។

លោក Weerapong បានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍នានា ដែលគ្រោងនឹងរៀបចំឡើង ក្នុងពិធីបុណ្យនេះ មានគោលដៅអភិរក្សវប្បធម៌ និងបម្រើដល់សកម្មភាពកម្សាន្តក្នុងថ្ងៃសង្ក្រាន្ត។ចំណែក លោក Assanee បានលើកឡើងថា ក្រៅពីការអភិរក្សវប្បធម៌ និងប្រពៃណី ការរៀបចំពិធីបុណ្យនេះ ក៏មានគោលបំណងជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ខេត្តឈៀងម៉ៃផងដែរ។

មន្ត្រីរូបនេះបានសម្តែងក្តីសង្ឃឹមថា ភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេសរាប់លាននាក់ នឹងចូលរួមលេងកំសាន្តក្នុងពិធីបុណ្យសង្ក្រាន្តនេះ។

ជាមួយគ្នានេះ ប៉ូលីសថ្នាក់ខេត្ត គ្រោងដាក់ពង្រាយមន្ត្រីចំនួន១.៥០០នាក់ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជន នៅក្នុងតំបន់ទីក្រុងឈៀងម៉ៃ ខណៈដែលមន្ត្រីចំនួន៣.០០០នាក់ នឹងមើលការខុសត្រូវផ្នែកសុវត្ថិភាព និងសន្តិសុខនៅក្នុងខេត្តទាំងមូលតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here