ដោយ គង់ សូរិយា
ក្រុងប៉ោយប៉ែត៖ បុរីដែលវិនិយោគដោយសហគ្រិនវវ័យក្មេង ក្នុងទឹកប្រាក់ ៣០លានដុល្លារអាមេរិក បាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន ជាមួយនឹងការធានាជួលត្រលប់មកក្រុមហ៊ុនវិញ ក្នុងតម្លៃ ១២០០ដុល្លារអាមេរិក ក្រោយពេលលំនៅដ្ឋាននិមួយៗសាងសង់ចប់។
ស្ថាបនិកក្រុមហ៊ុន Fours Star Plus Four លោកសួង សុខហ៊ាងបានមានប្រសា សន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៥ មិនានេះថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគគំរោងមួយ ឈ្មោះ Star Gold លើផ្ទៃដីជាង៧ហិកតា ដោយបែងចែកជាពីរផ្នែក ដូចជា ទី១ ដី៤ហិកតាជាប្រភេទដីឡូត៍ សម្រាប់សាងសង់អាគារពាណិជ្ជកម្ម និងមានទំហំ២០គុណនឹង៣០ម៉ែត្រ និងទំហំ២០គុណនឹង៦០ម៉ែត្រ ដែលដាក់លក់ក្នុងតម្លៃ៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទី២ ចំនែកដី៣,៥ហិកតាទៀត នឹងសាងសង់ជាលំនៅដ្ឋានប្រភេទ Link House និង Shop House ដែលលក់ក្នុងតម្លៃចាប់ពី១៨ ដល់២៤ម៉ឺនដុល្លារអាមេរិក។
លោកបន្តថា “រហូតមកទល់ពេលនេះ លំនៅដ្ឋានប្រមាណ ៧០ភាគរយត្រូវបានលក់អស់ហើយ ខណៈគំរោងនេះនឹងសាងសង់បញ្ចប់នៅឆ្នាំ ២០២០ខាងមុខនេះ”។ លោកបន្តថា “ជាមួយនឹងការគិតគូពីសុខមាលភាពប្រជាពលរដ្ឋ ក្រុមហ៊ុនបានគិតគូរលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយគុណភាព និងផ្លូវមានទំហំចន្លោះពី១០ទៅ១៨ម៉ែត្រ”។
គំរោងនេះស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ស ដែលជនបរទេសអាចចូលមកស្នាក់នៅរយៈពេល២សប្តាហ៍ ដោយមិនចាំបាច់បោះត្រាលើប៉ាស្ព័រ។ វិនិយោគនៅក្នុងតំបន់ពិសេសនេះ ធ្វើឲ្យអ្នកវិនិយោគអាចទទួលបានផលចំណេញច្រើន ដោយសារបន្ទប់ជួលនៅក្នុងតំបន់នេះ អាចជួលបានជាង៣០០ដុល្លារ ខណៈបន្ទប់ជួលខាងក្រៅមានតម្លៃជាង១០០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីលោកសួង សុខហ៊ាង។
លោកបន្តថា “ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារក្រុងប៉ោយប៉ែតមានការរីកចម្រើនលឿន និងចំនួនអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឲ្យខ្វះកន្លែងស្នាក់នៅ និងការិយាល័យធ្វើការ”។
អ្នកចាប់អារម្មណ៍ទិញដី និងលំនៅដ្ឋានក្នុងគំរោងនេះអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៦ ២១៥ ៧៧៧ .០៩៩ ២១៥ ៧៧៧.០៦២ ២៨០ ៩៧៥០។
យោងតាមរបាយការណ៍របស់សាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា ទីក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះជនបរទេសមានប្រមាណ៥ម៉ឺននាក់ និងមានអាគារកំពស់ចាប់ពី៤ដល់ជាង៣០ជាន់ចំនួន៦០អាគារ។ ក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងកំពុងទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើន ពិសេសអ្នកវិនិយោគចិន និងជប៉ុន។
ក្រុងប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥៕