ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការទិញ លក់ខុនដូ បានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី១ដើមឆ្នាំនេះ ដោយសារតម្រូវការរបស់អ្នកវិនិយោគ ឬអ្នកទិញសម្រាប់ក្នុងស្រុកបានធ្លាក់ចុះ។
អគ្គនាយកក្រុមហ៊ុនAREA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១ មេសាថា ស្ថានភាពមិនទាន់មានសភាពប្រសើរឡើងនៅឡើយទេ សម្រាប់ទីផ្សារខុនដូនៅកម្ពុជា ដោយសារការតម្រូវការក្នុងស្រុកធ្លាក់ចុះ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិនិយោគរបស់ជនបរទេស មានសញ្ញាប្រសើរឡើង។
លោកបន្តថា “ទីផ្សារនេះនឹងប្រសើរឡើងនាពេលខាងមុខ ខណៈកម្ពុជានៅតែជាទីផ្សារ ដែលអ្នកវិនិយោគនៅតែទទួលបានផលចំណេញខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់”។
លោកខន គង្គាបានបន្តថា ការវិនិយោគខុនដូ បើសិនជាទិញក្នុងតម្លៃ៧០០០០ដុល្លារ អ្នកវិនិយោគអាចជួលបានតម្លៃចន្លោះពី៧០០ទៅ១០០០ដុល្លារក្នុងមួយខែ បើទិញខុនដូក្នុងតម្លៃ១០០,០០០ដុល្លារឡើង ផលនៃការជួលត្រលប់ នឹងទទួលបានចន្លោះពី១៥០០ទៅ២០០០ដុល្លារក្នុងមួយខែ សម្រាប់ខុនដូស្ថិតនៅតំបន់ពេញនិយមមួយចំនួនដូចជាបឹងកេងកង១ ទន្លេរបាសាក់ជាដើម។
លោកបន្តថា បើទិញផ្ទះល្វែងតម្លៃ១៥ ទៅ២០ម៉ឺនដុល្លារ អ្នកនឹងអាចជួលវិញបាន ក្នុងតម្លៃចមន្លោះពី៥០០ ទៅ៧០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។ ហេតុនេះ ការវិនិយោគខុនដូ នៅតែជាឱកាសល្អ សម្រាប់ការទិញយកផលចំណេញពីការវិនិយោគ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការពឹងផ្អែកលើទីផ្សារក្នុងស្រុក ពិតជាត្រូវការពេលវេលាបន្ថែម ដោយសារប្រជាពលរដ្ឋក្នុងស្រុកនៅតែមិនទាន់មាននិយមរស់នៅអាគារខ្ពស់ៗ និងវប្បធ៌មនៃការរស់នៅផ្ទះជាប់ដី បានស្ថិតក្នុនសន្តានចិត្តជាប្រពៃណី របស់ពួកគាត់រួចទៅហើយ។
លោកបន្តថា ទោះជាយ៉ាងណា ប្រជាជនដែលមានភាពស៊ីវិល័យ ដែលមានវ័យចន្លោះពី៣៥ទៅ៥០ឆ្នាំ មួយចំនួនបានទិញខុនដូផងដែរ ដោយពួកគេចាត់ទុកជាផ្ទះទី២របស់ពួកគេ សម្រាប់ការស្នាក់នៅលំហែរ។
លោកបន្តថា ជាមួយគ្នានេះ យុវជនជំនាន់ក្រោយ ដែលធ្លាប់សិក្សានៅបរទេស ពួកគេបានផ្លាស់ប្តូររសនិយម និងផ្នត់គំនិតរបស់ខ្លួន ដោយពួកគេនិយមរស់នៅខុនដូកាន់តែច្រើន បើធៀបនឹងប្រជាពលរដ្ឋមានវ័យចំណាស់ ដែលពួកគាត់តដិតជាប់នឹងប្រពៃណីនឹងរស់នៅផ្ទះជាប់ដី ដែលពួកគេមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពជាង៕