ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច មិនទាន់ស្ទុះងើបឡើងវិញដូចដើមនៅឡើយ ដោយសារកម្រិតអត្រាការប្រាក់ខ្ពស់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ គេសង្កេតឃើញថា មនុស្សជាច្រើន បានងាកមកជួលអាផាតម៉ិន ជំនួសឱ្យការទិញដែលត្រូវការដើមទុនច្រើន។
ជាក់ស្តែង ការជួលអាផាតម៉ិន នៅបណ្តាប្រទេសចំនួន២ក្នុងតំបន់អាស៊ាន រួមមាន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។
ខាងក្រោមនេះគឺតម្លៃទិញ និងតម្លៃជួលអាផាតម៉ិន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងត្រីមាសទី១ :
ទី១: ទីក្រុងគូឡាឡាំពួរ
ផលចំណេញត្រឡប់(return on investment) សរុបពីការជួលជាមធ្យម(Rental Yields) នៅក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងរង្វង់៥,១៦ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Global Property Guide។
អាផាតម៉ិន មានបន្ទប់គេងចំនួន១ នៅទីក្រុងគូឡាឡាំពួរ មានតម្លៃចំនួន២៤៩.៥២៨ដុល្លារ ក្នុងមួយយូនីត និងជួលប្រចាំខែមានតម្លៃ៧៣៥ដុល្លារ។
អាផាតម៉ិន ដែលមានបន្ទប់គេងចំនួន២ នៅទីក្រុងគូឡាឡាំពួរ មានតម្លៃចំនួន៣០៤.៥៥៨ដុល្លារក្នុងមួយយូនីត និងជួលប្រចាំខែមានតម្លៃ៩៤៥ដុល្លារ។ ចំណែកអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចំនួន៣៦៧.៥៧០ដុល្លារក្នុងមួយយូនីត និងជួលប្រចាំខែមានតម្លៃ១.២៦០ដុល្លារ។
ទី២: ទីក្រុងហ្សាការតា
ផលចំណេញត្រឡប់ពីការវិនិយោគ(Return on Investment) ជាមធ្យម(Rental Yields) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងរង្វង់៥,៦៨ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមប្រភពពីគេហទំព័រ Global Property Guide។
អាផាតម៉ិន ដែលមានបន្ទប់គេងចំនួន១ នៅទីក្រុងហ្សាការតា មានតម្លៃចំនួន៦៣.៤២៤ដុល្លារ ក្នុងមួយយូនីត និងជួលប្រចាំខែមានតម្លៃ១០៦ដុល្លារ។
អាផាតម៉ិន មានបន្ទប់គេងចំនួន២ នៅទីក្រុងដដែលនេះមានតម្លៃចំនួន៦៩.៧៦៦ដុល្លារ ក្នុងមួយយូនីត និងជួលប្រចាំខែមានតម្លៃ១៧៤ដុល្លារ។ ចំណែក អាផាតម៉ិន មានបន្ទប់គេងចំនួន៣ មានតម្លៃទិញចំនួន១៧១.២៤៤ដុល្លារ ក្នុងមួយយូនីត និងអាចជួលបានប្រចាំខែក្នុងតម្លៃ២៣៨ដុល្លារ៕