ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ប្រទេសចិន ខកខានផ្តល់ប្រាក់កម្ចីចំនួន៥២ពាន់លានដុល្លារ ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
ការខកខានផ្តល់ប្រាក់កម្ចី ក្នុងទំហំទឹកប្រាក់ដ៏ធំនេះ កំពុងធ្វើឱ្យអនាគតនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ស្ថិតក្នុងភាពមិនច្បាស់លាស់។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយដោយវិទ្យាស្ថាន Lowy Institute ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។
-->
ការសិក្សាខាងលើបានរកឃើញថា ក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សចំនួន៣៤គម្រោង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលគម្រោងនីមួយៗ មានតម្លៃចាប់ពី១ពាន់លានដុល្លារឡើងទៅ ភាគីចិន បានចូលរួមក្នុងគម្រោងចំនួន២៤គម្រោង ដែលមានតម្លៃសរុបចំនួន៧៧ពាន់លានដុល្លារកាលពីពេលកន្លងទៅ។
ទោះជាយ៉ាងណាក្តី ការសិក្សាបានបង្ហាញថា ភាគីចិនមិនបានផ្តល់ប្រាក់កម្ចី ដូចការសន្យាក្នុងទំហំទឹក ប្រាក់៥២ពាន់លានដុល្លារ ដើម្បីអនុវត្តន៍គម្រោងទាំង២៤នេះឡើយ ជាពិសេសគឺចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩។
វិទ្យាស្ថានខាងលើបានអះអាងថា មូលហេតុដែលនាំឱ្យប្រទេសចិនខកខានផ្តល់មូលនិធិ គឺដោយសារតែកត្តាមួយចំនួន ដូចជា ភាគីចិនផ្ដោតខ្លាំងពេក ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ដែលងាយបង្កឱ្យមានហានិភ័យ ការពន្យារពេល អស្ថិរភាពផ្នែកនយោបាយ នៅក្នុងបណ្តាប្រទេសដៃគូក្នុងតំបន់អាស៊ី។ ភាពកំសោយលើការពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ និងការងាកទៅប្រើប្រាស់ថាមពលស្អាត។
ការសិក្សាបានវាយតម្លៃថា អនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន។ ជាក់ស្តែង បញ្ហាបំណុលនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចចិន បាននាំឱ្យគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន ជួបស្ថានភាពមិនសូវអំណោយផល ដែលការណ៍នេះ នឹងជំរុញឱ្យទីក្រុងប៉េកាំង ងាកមកផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងមធ្យមនៅក្រៅប្រទេសវិញ។
ទន្ទឹមនឹងនេះ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ត្រូវបានគេមើលឃើញថា ជាមធ្យោបាយពង្រីកឥទ្ធិពលសេដ្ឋកិច្ច របស់ប្រទេសចិន ក្នុងគោលបំណងប្រែក្លាយខ្លួន ទៅជាមហាអំណាចរបស់ពិភពលោក៕