ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយបានវិវត្តន៍ទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល និងអាចវិលត្រលប់ទៅរកស្ថានភាពជំងឺរាតត្បាត ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០២៨។
សម្តេចបានបញ្ជាក់បែបនេះ ក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២ មេសានេះ។
សម្តេចបានបន្តថា “សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់”។
សម្តេចបន្ថែមថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧%ក្នុងមួយឆ្នាំ សម្រាប់រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ ទៅរកអត្រាកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សម្តេចធិបតីបានបន្តថា “កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ, ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត ”យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ កម្ពុជាបានអនុម័តច្បាប់ថ្មីស្តីពី ការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។







