ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាបានរកឃើញថា ប្រទេសថៃអាចបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ ប្រហែល១២ពាន់លានដុល្លារអាមេរិក ដោយប្រទេសនេះ នឹងអនុញ្ញាត្តឲ្យមានអាជ្ញាប័ណ្ណកាស៊ីណូស្របច្បាប់ និងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់រ៉ាំរ៉ៃ។
នៅពេលដែលមជ្ឈមណ្ឌលកម្សាន្តកាស៊ីណូ ត្រូវបានសាងសង់ឡើង ការចំណាយរបស់ភ្ញៀវទេសចរជាមធ្យម អាចកើនឡើងចំនួន៥២% ទៅដល់១៧៨៦,៦ដុល្លារអាមេរិក ក្នុងដំណើរកំសាន្តមួយលើក។ នេះបើយោងតាមការសិក្សារបស់ក្រុមសមាជិកសភាថៃ។
ការសិក្សាក៏បានរកឃើញផងដែរថា ការបង្កើតប្រាក់ចំណូលបន្ថែមទាំងនេះ អាចជួយចូលរួមចំណែកបង្កើន កំណើនផលទុនជាតិសរុប(GDP)របស់ប្រទេសថៃ ចំនួន១,១៦ភាគរយ។
លទ្ធផលវិជ្ជមានផ្នែកសេដ្ឋកិច្ចពីការសិក្សានេះ អាចជំរុញលើកទឹកចិត្តឱ្យសភាថៃ អនុម័តសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឱ្យមានអាជីវកម្មកាស៊ីណូ និងទម្រង់លេងល្បែងស៊ីសងផ្សេងៗទៀត ក្លាយជាអាជីវកម្មស្របច្បាប់។
ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក្រុមសមាជិកសភា ដែលដឹកនាំដោយលោកអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Julapun Amornvivat បានផ្តល់អនុសាសន៍ ឱ្យមានវិធានការការពារមួយចំនួន ដើម្បីការពារប្រជាជនថៃ ពីការញៀននឹងការភ្នាល់ល្បែងស៊ីសង។នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលបាននិងកំពុងជំរុញដាក់ចេញគោលនយោបាយ ទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ក៏បានប្រកាសចំណាត់ការនេះផងដែរ។ ដូច្នេះសេចក្តីព្រាងច្បាប់ អាចឆ្លងកាត់ការអនុម័តពីសភាដោយភាពងាយស្រួល។
លោក Julapun បានគូសបញ្ជាក់នៅលើបណ្តាញសង្គម X ថា “មជ្ឈមណ្ឌលកម្សាន្តរបស់យើង នឹងមិនមែនមានត្រឹមតែកាស៊ីណូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសណ្ឋាគារលំដាប់ផ្កាយ៥ ភោជនីយដ្ឋាន និងកន្លែងទេសចរណ៍ផ្សេងទៀតផងដែរ”។
លោកបានបន្ថែមថា “យើងមានបំណងបង្កើតមជ្ឈមណ្ឌលកំសាន្តនេះឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈវិធីសាស្ត្រថ្មីមួយ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ប្រទេសជាតិ និងដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់”៕