ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដើរយឺតជាងបណ្តាប្រទេសដៃគូក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ស្របពេលដែលបញ្ហាបំណុលក្នុងគ្រួសារ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង សម្រាប់ប្រទេសមួយនេះ។
យោងតាមធនាគារកណ្តាលថៃបានឱ្យដឹងថា បំណុលគ្រួសារបានកើនឡើងដល់ជិត៨៧ភាគរយ នៃផលទុនជាតិសរុប(GDP) កា លពីឆ្នាំមុន ហើយបំណុលជិត១,៥ពាន់លានដុល្លារ ត្រូវបានគេប៉ាន់ប្រមាណថា ជាប្រាក់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់។
ក្រុមអ្នកវិភាគបានលើកឡើងថា បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំជាច្រើនទស្សវត្សរ៍រួចមក ប្រទេសថៃកំពុងជាប់ផុងក្នុងបញ្ហាប្រឈម ដូចជា ផលិតភាពទាប និងការអប់រំមិនល្អ ដែលធ្វើឱ្យកម្លាំងការងារភាគច្រើន ក្លាយជាកម្លាំងការងារដែលមានជំនាញទាប និងមានប្រាក់ខែទាប។លោកស្រី Pavida Pananond សាស្ត្រាចារ្យផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Thammasat បានប្រាប់កាសែត Al Jazeera ថា ប្រទេសថៃមិនត្រឹមតែទទួលរងនូវ ផលប៉ះពាល់ពីការថយចុះ នៃតម្រូវការនៃការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែការប្រែប្រួលនៃសកលភាវូបនីយកម្ម ក៏ជះផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្រទេសថៃផងដែរ។
ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ាន កំពុងស្ទុះងើបឡើងវិញយ៉ាងលឿន ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ប៉ុន្តែ សេដ្ឋកិច្ចថៃបានស្ទុះងើបឡើងវិញយឺតសន្សឹមៗ។
ជាក់ស្តែង សេដ្ឋកិច្ចរបស់ប្រទេសថៃ បានកើនឡើងត្រឹមតែ១,៩ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយ ឬខ្ពស់ជាងនេះ នៅក្នុងប្រទេសហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។
ជាមួយគ្នានេះ ធនាគារពិភពលោកបានព្យករថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ២,៨ប៉ុណ្ណោះភាគរយ នៅឆ្នាំ២០២៤នេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើន ចន្លោះពី៤,៣ភាគរយ ទៅ៥,៨ ភាគរយ៕