ចំណេះដឹងថ្មី ៖ អ្នកបើកបរនៅលើផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងរងការផាកពិន័យ បើសិនបើកមិនគ្រប់ល្បឿន

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹងជញ្ជូន បានឱ្យដឹងថា អ្នកបើកបរនៅលើផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងទទួលរងនូវការផាកពិន័យប្រសិនបើបើកបរមិនគ្រប់ល្បឿនកំណត់នៅពេលផ្លូវនេះសាងសង់ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹងជញ្ជូន​បានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី០៦ ខែមីនា នេះថា ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ដែលសាងសង់ដោយក្រុមហ៊ុនស្ពានថ្នល់ប្រទេសចិន ក្នុងតម្លៃទឹកប្រាក់១៩០០លានដុល្លារសហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យអ្នកបើកបរអាចបើកបានក្នុងល្បឿនចន្លោះ ៩០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រុមហ៊ុននឹងមានដាក់គំនូសសញ្ញាកំណត់ល្បឿននៅលើគន្លងផ្លូវនីមួយៗ ដើម្បីឱ្យអ្នកបើកបរដឹងពីល្បឿនដែលត្រូវបើក។ ដូច្នេះប្រសិនបើអ្នកបើកបរបើកមិនគ្រប់ល្បឿនដែលបានកំណត់ពួកគេនឹងទទួលរងនូវការផាកពិន័យ។ លោកបន្តថា «វាជាផ្លូវល្បឿនលឿន ហេតុនេះការបើកបរតាមគំនូសសញ្ញាបង្ហាញពិតជាមានសារសំខាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា ក៏ដូចជាកាត់បន្ថយផលរំខានពីអ្នកបើកបរផ្សេងទៀត» ។ លោកបន្តថា ៖ «ផ្លូវនេះ នឹងមានចំណត់ឈប់សំចតចំនួន៣កន្លែង មជ្ឈមណ្ឌលថែទាំយានយន្តមួយកន្លែង ស្ពានអាកាសចំនួន៧ » ។

លោក វ៉ា ស៊ីមសូរិយា បានបញ្ជាក់ទៀតថា ៖ «ផ្លូវនេះនឹងត្រូវសាងសង់របងព័ន្ធជុំវិញ មិនឱ្យម៉ូតូ រម៉ក ឬសត្វពាហនៈឆ្លងកាត់បាន។ ផ្លូវនេះមានប្រវែងជាង១៩០គីឡូម៉ែត្រ ខណៈផ្លូវជាតិលេខ ៤ បច្ចុប្បន្នមានប្រវែងរហូតដល់ ២២៤ គីឡូម៉ែត្រ ។ វាជាលើកដំបូងដែលកម្ពុជាសាងសង់ផ្លូវល្បឿនលឿនដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះចាប់ពីពេលនេះតទៅរដ្ឋាភិបាលត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យសេដ្ឋកិច្ច» ។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមបើកសម្ពោធការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ មួយខ្សែនេះនៅត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឆាប់ៗខាមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here