ដោយ: គង់់ លាងហួរ
ម៉ានីល: ប្រទេសហ្វីលីពីន អាចនឹងវ៉ាដាច់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២៥ខាងមុខ ឆ្ពោះទៅក្លាយជាគោលដៅលេងល្បែងស៊ីសងដ៏ធំបំផុតទី២ របស់តំបន់អាស៊ី បន្ទាប់ពីទីក្រុងម៉ាកាវរបស់ប្រទេសចិន។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។
លោក Alejandro Tengco ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pagcor ដែលជានិយតករ កំពុងប្រតិបត្តិការកាស៊ីណូរដ្ឋ បានអះអាងថា រមណីយដ្ឋានកាស៊ីណូថ្មី ឈ្មោះ Bloombery Resorts Corp របស់មហាសេដ្ឋីហ្វីលីពីនលោក Enrique Razon គ្រោងនឹងបើកដំណើរការ នៅទីក្រុងម៉ានីលនៅឆ្នាំនេះ ខណៈដែលគម្រោងកាស៊ីណូចំនួន៨ទៀតកំពុងត្រូវបានគ្រោងទុក។
-->
លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ក្រុមនិយតករ ក៏មានគម្រោងប្រកាសដាក់លក់កាស៊ីណូ ដែលគ្រប់គ្រងដោយរដ្ឋ មិនយូរជាងដើមឆ្នាំ២០២៦ផងដែរ។
លោក Tengco បានបញ្ជាក់ថា “ប្រសិនបើសិង្ហបុរីមិនពង្រីកខ្លួនទេ នោះពួកគេនឹងស្ថិតនៅទ្រឹង ហើយកុំភ្ញាក់ផ្អើល ប្រសិនបើឆ្នាំក្រោយ យើងនឹងវ៉ាដាច់ពួកគេ”។ លោក Tengco បានប៉ាន់ប្រមាណថា ប្រាក់ចំណូលសរុបពីការលេងល្បែងស៊ីសង ប្រចាំឆ្នាំរបស់សិង្ហបុរីនឹងមានទំហំប្រហែល៦ពាន់លានដុល្លារ។
ចំណែកឯប្រទេសហ្វីលីពីនរំពឹងថា ខ្លួននឹងអាចរកប្រាក់ចំណូលបានពីវិស័យល្បែងស៊ីសង សរុបចំនួន៣៣៦ពាន់លានប៉េសូ (ប្រហែល៦,១ពាន់លានដុល្លារ) នៅឆ្នាំ២០២៤នេះ ដោយកើនឡើងពីកំណត់ត្រាកាលពីឆ្នាំមុនចំនួន២៨៥ពាន់លានប៉េសូ។
ទាក់ទិនទៅនឹងការលើកឡើងបែបនេះ របស់លោក Tengco អាជ្ញាធរនិយតកម្មល្បែងស៊ីសង របស់ប្រទេសសិង្ហបុរីបានឆ្លើយតបថា ខ្លួនមិនមានយោបល់ទេ នៅពេលដែលត្រូវបានសារពត៌មាន Bloomberg News សាកសួរទាក់ទងនឹងរឿងនេះ។
ទីក្រុងម៉ានីលកំពុងពឹងផ្អែក ទៅលើរមណីយដ្ឋានកាស៊ីណូរបស់ខ្លួន ដើម្បីជួយជំរុញការមកដល់របស់ភ្ញៀវទេសចរ។ នៅឆ្នាំនេះ ប្រទេសហ្វីលីពីន បានកំណត់គោលដៅទាក់ទាញ ភ្ញៀវទេសចរបរទេសចំនួន៧,៧លាននាក់ បន្ទាប់ពីទទួលបានចំនួន៥,៤៥លាននាក់ក្នុងឆ្នាំ២០២៣ ប៉ុន្តែគោលដៅនេះនៅតែទាប ជាងកម្រិតក្នុងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរបរទេសចំនួន៨,២៦លាននាក់៕