ដោយៈ គង់ សូរិយា
កំពតៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន គម្រោងស្តារ និងលើកកំពស់ផ្លូវជាតិលេខ៣១សម្រេចវឌ្ឍនភាពការងារបាន៨០%ហើយ និងគ្រោងបញ្ចប់ការងារតួផ្លូវទាំងស្រុង១០០% ព្រមទាំងបើកឱ្យចរាចរណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវខាងលើនេះបានឱ្យដឹងទៀតថា ចំពោះការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារបន្ថែមមួយចំនួនផ្សេងទៀត អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ មានន័យថា គម្រោងនឹងបញ្ចប់មុនកិច្ចសន្យាសាងសង់១ឆ្នាំ។
-->
វឌ្ឍនភាពការងារ លឿនជាងកិច្ចសន្យាសាងសង់បែបនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចង្អុលបង្ហាញឱ្យ ឯកឧត្តមរដ្ឋលេខាធិការ នាយកគម្រោង ចុះត្រួតពិនិត្យដោយផ្ទាល់ ក៏ដូចជាចាត់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ សហការជាមួយភាគី ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចុះពិនិត្យជាប្រចាំ ក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាបាននូវសំណង់ផ្លូវថ្នល់ប្រកបដោយគុណភាពរឹងមាំ និងអាចមានអាយុកាលប្រើប្រាស់បានយូរអង្វែង។
វឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន៖ ការងារបំពេញឡើងកូដ១០០% ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៧% ការងារស្រទាប់Sub Base ជាន់ទី១ ចំនួន១០០% ការងារស្រទាប់ Sub Base ជាន់ទី២ ចំនួន១០០% ការងារស្រទាប់ Base Course ជាន់ទី១ ចំនួន៩០,៥% ជាដើម៕
