ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលទីក្រុងZhengzhou ភាគកណ្តាលរបស់ប្រទេសចិន បានស្នើឱ្យប្រជាជនលក់ផ្ទះប្រភេទទី២របស់ពួកគេ ទៅឱ្យក្រុមហ៊ុនរដ្ឋក្នុងស្រុកមួយ ហើយទិញផ្ទះថ្មីជំនួសវិញ ក្នុងគោលបំណងកាត់បន្ថយស្តុកផ្ទះថ្មី និងស្តារវិស័យអចលនទ្រព្យ។
ក្រុមហ៊ុនរដ្ឋក្នុងស្រុកនោះមានឈ្មោះថា Zhengzhou Urban Development Group Co. ដែលគ្រោងនឹងទិញផ្ទះប្រភេទទី២ ចំនួន៥០០យូនីត ចាប់ពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការជូនដំណឹង ដែលចេញផ្សាយដោយសមាគមអចលនទ្រព្យទីក្រុង Zhengzhou។
-->
យោងតាមសេចក្តីជូនដំណឹងដដែលបានបន្តថា ប្រជាពលរដ្ឋត្រូវទិញផ្ទះថ្មី នៅក្នុងតំបន់ទីក្រុងធំក្នុងតម្លៃសរុប ដែលមិនទាបជាងតម្លៃផ្ទះសរុប ដែលពួកគេនឹងដាក់លក់ ទៅឱ្យក្រុមហ៊ុនខាងលើនោះទេ។
ទីក្រុងខ្នាតតូច និងខ្នាតមធ្យម ភាគច្រើនរបស់ប្រទេសចិន បានជួបប្រទះនូវវិបត្តិទីផ្សារអចលនទ្រព្យ ដោយវិស័យអចលនទ្រព្យទាំងមូលស្ថិតក្នុងវិបត្តិសាច់ប្រាក់ ចាប់តាំងពីអ្នកអភិវឌ្ឍន៍ខកខានទូទាត់សងបំណុលក្នុងឆ្នាំ២០២១។
តួយ៉ាងបើផ្អែកលើមូលដ្ឋានប្រចាំខែ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុង Zhengzhou បានធ្លាក់ចុះអស់រយៈពេល១២ខែជាប់ៗគ្នា មកហើយ គិតត្រឹមខែមីនាកន្លងទៅ។ នេះបើយោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិ(NBS)របស់ប្រទេសចិន។
បណ្តាទីក្រុងក្នុងតំបន់មូលដ្ឋាន ដែលត្រូវបានផ្តល់ស្វ័យភាពពេញលេញ ក្នុងការកែសម្រួលគោលនយោបាយ ទីផ្សារអចលនទ្រព្យ បានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ បញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ កាត់បន្ថយទំហំប្រាក់កក់ និងផ្តល់ការឧបត្ថម្ភធនសម្រាប់ការទិញផ្ទះ។
ទោះជាយ៉ាងណាក្តី គោលនយោបាយទាំងនេះ មានប្រសិទ្ធភាពត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែអ្នកទិញបានប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការទិញផ្ទះថ្មី ស្របពេលមានការព្រួយបារម្ភអំពីសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ ក្នុងការបញ្ចប់គម្រោងទាន់ពេលវេលា៕ប្រភព:Reuters៕