ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា ប្រទេសឥណ្ឌា គ្រោងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ឱ្យបាន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងព្យាយាមទាក់ចិត្តអ្នកវិនិយោគ ដែលធ្វើពិពិធកម្មចេញពីប្រទេសចិន។
លោក Rajesh Kumar Singh រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយឧស្សា ហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងឥណ្ឌា បានមានប្រសាសន៍ឱ្យដឹងថា“ យើងកំណត់គោលដៅទាក់ទាញលំហូរFDI ឱ្យបានជាមធ្យមចំនួន១០០ពាន់លានដុល្លារ នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយនិន្នាការនេះផ្តល់ភាពវិជ្ជមាន និងកើនឡើងយ៉ាងខ្លាំង”។
-->
គោលដៅនេះ ត្រូវបានដាក់ចេញប្រកបដោយមហិច្ឆតា បើ ធៀបជាមួយនឹងលំហូរ FDI ជាមធ្យមភាគប្រចាំឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង៧០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំគិតត្រឹមខែមីនា ឆ្នាំ២០២៣។
លោក Singh បានមានប្រសាសន៍ឱ្យដឹងបន្តថា “តួលេខនៃលំហូរFDI សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន កំពុងខិតកាន់តែជិតគោលដៅ១០០ពាន់លានដុល្លារអាមេរិករបស់យើង”។
ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុតរបស់ពិភពលោក កំពុងទាក់ទាញបណ្តាក្រុមហ៊ុនបរទេសធំៗ ដែលមានបំណងចៀសផុត ពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ដោយប្រើប្រាស់ថាយុទ្ធសាស្ត្រ “ចិនបូកមួយ”ឬហៅថា“China plus one”។
ជាក់ស្តែង បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung Electronics ជាដើមបានជំរុញបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយទាញយកអត្ថប្រយោជ ន៍ពីគោលនយោបាយលើកទឹកចិត្ត ដែលដាក់ចេញដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi៕ប្រភព:The Business Times៕